(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ សម្រាប់កម្ពុជា ការគាំទ្រដល់សហគ្រិនស្រ្តី មិនត្រឹមតែជារបៀបវារៈដ៏សំខាន់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក្នុងឋានៈជាម្ចាស់ផ្ទះអាស៊ាន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលរួមបើកសិក្ខាសាលា ស្តីពីសហគ្រិនស្រ្តី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ វឌ្ឍនៈភាព និងកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទស្តារ និងជំរុញសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២២។

បន្ថែមពីនោះទៀត លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងថា ក្រសួងកិច្ចការនារី តាមរយៈការអនុញ្ញាតពីរាជរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន លើកទី២ (ASEAN Women Leaders’ Summit) នៅខែតុលាខាងមុខនេះ។

កិច្ចប្រជុំនេះ ក្រោមប្រធានបទ៖ ការលើកកម្ពស់តួនាទីសហគ្រិនស្រ្តីអាស៊ាន ដែលកិច្ចប្រជុំកំពូលនេះ នឹងឈានទៅរៀបចំឲ្យមាននូវសេចក្តីថ្លែងការណ៍ អាស៊ានស្តីពីការលើកកម្ពស់ សហគ្រិនភាពស្រ្តីអាស៊ាន ដែលនឹងដាក់ជូនប្រមុខរដ្ឋាភិបាលអាស៊ាន នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងទៀតថា សិក្ខាសាលានេះ គឺជាកម្មវិធដ៏ល្អ និងសមស្របសម្រាប់ប្រមូលយកធាតុចូល ដាក់ក្នុងសេចក្តីថ្លែងការណ៍អាស៊ាន។

ក្នុងឱកាសនោះ លោកស្រីក៏បានស្នើដល់គ្រប់ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន គួរតែបន្តរួមគ្នាបន្ថែមទៀត ដើម្បីពង្រីង និងពង្រីកបរិយាកាស អំណោយផល រួមទាំងក្នុង ក្របខណ្ឌគោលនយោបាយតាមវិស័យ គាំទ្រឲ្យស្ត្រីកាន់តែមានភាពងាយស្រួល ក្នុងការចាប់យកកាលានុវត្តភាព និងសក្ដាពលថ្មីៗ

លើសពីនោះទៀត រួមទាំងការលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុ ការអភិវឌ្ឍសហគ្រិនភាព ការបង្កើនការយល់ដឹង និងការប្រើប្រាស់សេវាផ្នែកឌីជីថល។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី។

លោកស្រីបានលើកឡើងថា សម្រាប់មន្ទីរកិច្ចការនារីរាជធានី-ខេត្ត និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី តាមបណ្តាខេត្ត ត្រូវបន្តពង្រីកមុខងាររបស់មជ្ឈមណ្ឌល ក្នុងភាពជាដៃគូជាមួយ វិស័យឯកជន និងដៃគូពាក់ព័ន្ធ ក្នុងការគាំទ្រដល់ស្ត្រី ក្នុងការចាប់ផ្តើម និងធ្វើធុរកិច្ចអាជីវកម្ម ជាពិសេសជាមួយអាជីកម្មខ្នាតមីក្រូ និងដែលមិនផ្លូវការតាមសហគមន៍។

លោកស្រីបានបន្ថែមថា តាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិន ភាពស្រ្តី (WEDC) ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងកិច្ចការនារី ត្រូវបន្តពង្រីកភាពជាដៃគូ និងសម្របសម្រួល ជាមួយវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តក្របខណ្ឌរបស់មជ្ឈមណ្ឌល ក្នុងការគាំទ្រដល់ស្រ្តី ដែលស្ថិតក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម៕