(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺបានក្លាយជាខេត្តដែលមានការរីកចម្រើនខ្លាំង ពលរដ្ឋមានជីវភាពធូរធា ជាខេត្តស៉ីវិល័យក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ការថ្លែងដូច្នេះធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតរោងចក្រសាព្រីណា ប្រមាណជាង ៦០០០នាក់។

លើកឡើងក្នុងឱកាសនោះលោក វ៉ី សំណាង បានថ្លែងថាកំពង់ស្ពឺគឺជាខេត្តមួយដែលរងគ្រោះរ៉ាំរ៉ៃយូរអង្វែងដោយភ្លើងសង្គ្រាម ជាខេត្តប្រឈមដោយចុងអាវុធ និងជាខេត្តសមាហរនកម្មចុងក្រោយផងដែរ។ ថ្នាក់ដឹកនាំដែលស្រឡាញ់អំណាច បានយកខេត្តនេះធ្វើជាកន្លែងដោះដូររបបដឹកនាំ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការរកស៉ីទទួលទានព្រោះតែរវល់និងរត់លូន និងរកត្រង់សេចូលគេចពីគ្រាប់កាំភ្លើង។ ប្រជាពលរដ្ឋក្រីក្រ ហើយរងការប្រមាថមាក់ងាយពីមជ្ឈដ្ឋានមួយចំនួន ពិសេសខេត្តនេះត្រូវបានគេទំលាប់ហៅតៗគ្នាថាខេត្ត (ប៊ុមប៊ឺ រលាក់កងជើង) ឬចេតនាបង្អាប់ប្រជាជនមានភាពខ្ជិលច្រអូស។

អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងបញ្ជាក់ថា ប្រជាជនខេត្តកំពង់ស្ពឺមិនមែនជាពលរដ្ឋខ្ជិលច្រអូសដូចដែលអ្វីគេឡើងនោះទេ ផ្ទុយទៅវិញពលរដ្ឋខេត្តនេះ គឺជាអ្នកឧស្សាហ៍ព្យាយាម និងហ្សែនជាអ្នកប្រាជ្ញគ្រប់បែបយ៉ាង។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប៉ិនប្រសប់ដោយបាតដៃស្ថាបនិកសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា បានធ្វើឱ្យខេត្តកំពង់ស្ពឺមានការប្រែមុខមាត់ថ្មី ជាខេត្តដែលស៉ីវិល័យ ហើយស្របពេលដែលឱកាសការងារសំបូរបែបបានធ្វើឱ្យពលរដ្ឋរស់នៅក្នុងជីវភាពធូរធា សំបូរសប្បាយ លែងមានផ្ទះស្បូវនិងប្រក់ស្លឹកត្នោតដូចមុនហើយ។

«ទាំងនេះគឺផ្តើមចេញពីផ្លែផ្កានៃសន្តិភាព ដូច្នេះគប្បីបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាព ដែលរកបានដោយកម្រនេះ ឱ្យបានគង់វង្សដើម្បីកូនចៅជំនាន់ក្រោយយើង»។ លោកអភិបាលខេត្តបញ្ជាក់បន្ថែម៕