(វ៉ាស៉ីនតោន-អាមេរិក)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តសុពលភាព ប្រព័ន្ឋអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាឡើងវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

ក្នុងជំនួបជាមួយលោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក កាលពីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៉ីនតោន ប្រមុខការទូតកម្ពុជា ក៏បានរំលឹកឡើងវិញផងដែរ នូវការអរគុណរបស់កម្ពុជា ចំពោះសហរដ្ឋអាមេរិក ដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ក្នុងវិស័យជាច្រើន ដែលថ្មីៗបំផុតនេះ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក អេនតូនី ប្លីងខេន បានបង្ហាញពីការត្រៀមខ្លួន របស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍរបស់កម្ពុជា និងធ្វើការយ៉ាងសកម្មជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

«ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពាណិជ្ជកម្ម គឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការវិជ្ជមានដ៏ល្អប្រសើរបំផុតរវាងប្រទេសទាំងពីរ ហើយបានសម្តែងនូវសេចក្តីសង្ឃឹមថា ប្រព័ន្ឋអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជានឹងត្រូវបានបន្តសុពលភាពជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជានៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលភាគច្រើនជាស្ត្រី»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសដដែល។

សូមជម្រាបថា សហរដ្ឋអាមេរិក ជាទីផ្សារធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជា នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធី នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលជាការធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង ៥,០០០មុខ៕