(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានថ្លែងថា ការរីកចម្រើននៃវិស័យមូលបត្រនឹងជំរុញឱ្យក្រុមហ៊ុនឯកជនរបស់កម្ពុជាកាន់តែរីកចម្រើន តាមរយៈការទទួលបានទុនដ៏ច្រើន ទៅប្រើប្រាស់ពង្រីកអាជីវកម្ម តាមផែនកាអាជីវកម្មរបស់ពួកគេ។

លោកលើកឡើងបែបនេះ ដោយលោកសង្កេតឃើញថា វិស័យឯកជនរបស់ប្រទេសមួយ នឹងមិនអាចរីកចម្រើនអស់លទ្ធភាពបាននោះទេ ប្រសិនបើវិស័យមូលបត្ររបស់ប្រទេសនោះ មិនមានការរីកចម្រើន។ ជាក់ស្តែង ក្រុមហ៊ុនយក្សក្នុងពិភពលោក ដូចជា Google, Facebook, Amazon, Alibaba រីកចម្រើនបានក៏អាស្រ័យទៅវិស័យមូលត្ររបស់គេ។

ពិតមែនតែក្រុមហ៊ុនទាំងនេះ បានរីកធំធាត់មុនចុះបញ្ជីក្នុងផ្សារហ៊ុន តែក្រុមហ៊ុនទាំងនេះ មិនអាចកៀរគរទុនបានរាប់ពាន់លានដុល្លារពីវិនិយោគិន ដើម្បីក្លាយជាក្រុមហ៊ុនបានទេ បើពួកគេគ្មានផ្សារហ៊ុន សម្រាប់ចុះបញ្ជី និងគ្មានផ្សារហ៊ុនសម្រាប់ឱ្យវិនិយោគិន លក់ភាគហ៊ុនចេញវិញ ដើម្បីដកខ្លួននិងទទួលបានផលចំណេញ។

លោក ហុង សុហួរ ថ្លែងបែបនេះ ធ្វើឡើង នៅក្នុងសន្និសិទជាតិស្តីពីទីផ្សារមូលបត្រកម្ពុជា «មួយទស្សវត្សន៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ» នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើចង់ឱ្យនៅកម្ពុជាមានក្រុមហ៊ុន ដែលរីកចម្រើនលឿនប្រហាក់ប្រហែលគេ សូមចូលរួមសហការទាំងអស់គ្នា ដើម្បីឱ្យទីផ្សារមូលបត្រយើង រីកចម្រើនដូចគេ។ សូមចូលរួមសហការ ដើម្បីឱ្យក្រុមហ៊ុនដែលមានសក្តានុពលអាច កៀរទុនយកទៅប្រើប្រាស់ បានតាមលក្ខណៈសម្បត្តិរបស់គេ សូមចូលរួមសហការដើម្បីឱ្យក្រុមហ៊ុនកម្ពុជា អាចប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស នៅកម្ពុជាក៏បាន នៅបរទេសក៏បាន»

លោកបន្តថា វិស័យមូលបត្រនៅកម្ពុជា កាន់តែរីកចម្រើនទៅមុខបាន ត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ បង្កើតក្តីស្រម៉ៃរួមគ្នាមួយ គឺបង្កើតទីផ្សារមូលបត្រមួយ ដែលមានទំហំជួញដូរ៥០លានដុល្លារ ក្នុង១ថ្ងៃ ក្នុងរយៈពេល៦ទៅ៧ឆ្នាំក្រោយ ដើម្បីឱ្យក្រុមហ៊ុនដែលចុះបញ្ជី ក្នុងផ្សារហ៊ុនអាចលក់ភាគហ៊ុនបានដល់ខ្ទង់រយលានដុល្លារ និងផ្តល់ផលចំណេញ ដល់អ្នកជួញដូរហ៊ុននៅក្នុងទីផ្សារមូលបត្រផងដែរ។

លោកបន្ថែមថា «កន្លងមកយើងតែងលឺពាក្យថា "បើចង់មាន ឱ្យទិញដីទុក" តែចាប់ពីពេលនេះតទៅខ្ញុំចង់ឮពាក្យថា "ទិញភាគហ៊ុន ក៏អាចមានដូចដីធ្លីដែរ"។ ទៅរួចទេ ប្រាកដជាទៅរួច បើឯកឧត្តមអគ្គបណ្ឌិតចារ្យ [អូន ព័ន្ធមុនីរ័ត្ន] នៅបន្តគាំទ្រ។ អាចទៅរួច ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់ សហការធ្វើការសំដៅគោលដៅរួម។ ជាមួយការគាំទ្របន្ត និងកាន់តែពេញលេញ ពីគ្រប់តួអង្គដែលពាក់ព័ន្ធទាំងអស់ នាវាមូលបត្ររបស់កម្ពុជា រំពឹងថានឹងត្រៀមខ្លួនរួចរាល់ ដើម្បីឈាន់ជើងចូលដល់ទស្សវត្សន៍ថ្មី ដែលខ្ញុំសូមហៅថា ដំណាក់កាលរៀនរត់»។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា តាមទ្រឹស្តីសេដ្ឋកិច្ច វិស័យមូលបត្រ អាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការកៀរគរ និងបែងចែកមូលធនពីភ្នាក់ងារសេដ្ឋកិច្ច ដែលមានសមត្ថភាពហិរញ្ញប្បទាន ជូនភ្នាក់ងារសេដ្ឋកិច្ចដែលមានតម្រូវការហិរញ្ញប្បទាន។ វិស័យមូលបត្រដែលរីកចម្រើន នឹងផ្តល់នូវប្រភពទុនមួយ ដែលមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលមួយ សម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀត ដែលអាចធ្វើពិពិធកម្មខ្ទង់វិនិយោគ របស់ខ្លួនបានកាន់តែប្រសើរ ។

លោកបន្តថា «ដើម្បីអភិវឌ្ឍវិស័យមូលបត្រ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ តែងយកចិត្តទុកដាក់គាំទ្រវិស័យមួយនេះ តាមរយៈការលើកទឹកចិត្តពន្ធដារ សម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និងវិនិយោគិន, ការយកចិត្តទុកដាក់ការពារផលប្រយោជន៍ របស់សាធារណជន និងការរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈអំណោយផល ដល់សកម្មភាពមូលបត្រជាដើម។ រាជរដ្ឋាភិបាលនឹងនៅបន្តការយកចិត្តទុកដាក់នេះ ក៏ដូចជាការគិតគូរយន្តការបន្ថែម ដើម្បីឱ្យទីផ្សារមួយនេះ អាចបំពេញតួនាទីបែងចែកមូលធនរបស់ខ្លួន កាន់តែទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាពខ្ពស់»

សូមជម្រាបថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ ក្នុងនោះក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៧ទៀត បានចុះបញ្ជីជាសញ្ញបណ្ណ ហើយក្រុមហ៊ុនទាំងនេះ បានកៀរគរទុនពីទីផ្សារមូលបត្រប្រមាណជា ១.១២២ប៊ីលានរៀល ឬប្រមាណ ២៨១លានដុល្លារ ។

ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២២នេះ ទំហំជួញដូរនៅក្នុងផ្សារមូលបត្រ បានកើនឡើងដល់ជាងប៊ីលានរៀល ឬប្រមាណ១លានដុល្លារក្នុង១ថ្ងៃ ដែលសកម្មភាពជួញដូរច្រើន លើភាគហ៊ុនអេស៊ីលីដា។ វិនិយោគិនថ្មីដែលបានបើកគណឌីជួញដូរ មានចន្លោះពី ២០០ ទៅ៥០០នាក់ ជារៀងរាល់ខែ។ ទាំងនេះ គឺជាការបោះជំហានដ៏ធំមួយ ក្នុងទស្សវត្សន៍ដំបូងនេះ ឬហៅថា ដំណាក់កាលរៀនដើរ៕