(រតនគិរី)៖ លោក គិត ទ្រី អភិបាលរងខេត្តរតនគិរី និងជាប្រធានគណៈកម្មការរុករកគាស់លើអដិ្ឋធាតុកងទ័ពស្ម័កចិត្តវៀតណាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរ និងប្រគល់ទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានពលី ជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្ត្រ ខេត្តរតនគិរី រដូវប្រាំង ឆ្នាំ២០២១-២០២២ ចំនួន ០៤អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍វិញ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់កងកម្លាំងទាំង៣, មន្រ្តីរាជការ, សិស្សានុសិស្ស, យុវជនកាកបាទក្រហម, យុវជនកាយរីទ្ធ, តំណាងសមាគមវៀតណាមប្រចាំខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរីយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនេះលោក គិត ទ្រី ជំនួសមុខអោយថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី បានសម្តែងនូវការដឹងគុណ និងស្មារតីចងចាំជានិច្ចគ្មានថ្ងៃបំភ្លេច បាននូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរៈកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា។

លោកបន្តថា «ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្តគោរព វិញ្ញាណក្ខន្ធដល់កងទ័ពដែលបានបាត់បង់ជីវិត ហើយសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់កងទ័ព ស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលមានអដ្ឋិធាតុជួបជុំនៅទីនេះ សូមបន្តស្ថិតនៅក្នុងឋានសុគតិភព និងធ្វើមាតុភូមិនិវត្តន៍ដោយមង្គល ដើម្បីបានជួបជុំគ្រួសារសាច់ញាតិ បងប្អូនរបស់ខ្លួន កុំបីឃ្លៀងឃ្លាតឡើយ»