(ភ្នំពេញ)៖ ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានដាក់ចុះផែនការសកម្មភាពចម្បងៗមួយចំនួនទៀត ដើម្បីបន្តការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ជាតិ ទាក់ទាញការធ្វើដំណើរចូលមកកម្ពុជាបន្ថែម សំដៅជំរុញកំណើនភ្ញៀវទេសចរបរទេស។

កិច្ចការនេះត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តផែនទីចង្អុលផ្លូវ (Road Map) និងបញ្ហាប្រឈមត្រូវដោះស្រាយចំពោះមុខ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ Zoom និងដោយផ្ទាល់។ កិច្ចប្រជុំនេះដឹកនាំដោយលោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីនៃក្រសួងទេសចរណ៍ និងមានការចូលរួមពីតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សរុបចំនួន១៤៩រូប ដែលសុទ្ធតែជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

លោក ទិត ចន្ថា បានឱ្យដឹងថា ក្នុងអង្គប្រជុំបានស្នើទៅកាន់រាជធានី-ខេត្តទាំង២៥បន្តរៀបចំនិងបង្កើតផលិតផលទេសចរណ៍ និងគោលដៅទេសចរណ៍ថ្មីៗបន្ថែមទៀតសម្រាប់បម្រើជូនទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីទាក់ទាញនិងបង្កើនរយៈពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។ គួរបញ្ជាក់ថា បច្ចុប្បន្ន គោលដៅទាក់ទាញនៅតាមរាជធានី-ខេត្តមួយចំនួនបានសហការចងក្រងជាខ្សែរទស្សនកិច្ចទេសចរណ៍រួមគ្នា ដើម្បីបង្កើនភាពទាក់ទាញសម្រាប់កញ្ចប់ខ្សែទស្សនកិច្ចតែមួយ ដែលប្រមូលផ្តុំដោយគោលដៅទាក់ទាញច្រើនបញ្ចូលគ្នា។

លោកបានបន្តថា ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បាននិងកំពុងបន្តការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ទាំងសម្រាប់មូលដ្ឋានអាជីវកម្មស្ថិតនៅក្នុងទីប្រជុំជន និងនៅតាមសហគមន៍ទេសចរណ៍នានាផ្ទាល់តែម្តង។ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ផ្តោតជាសំខាន់ចំពោះមុខលើជំនាញបដិសណ្ឋារកិច្ច និងវិធានសុវត្ថិភាព។

បើតាមលោក ទិត ចន្ថា ស្ថាប័នពាក់ព័ន្ធបាននិងកំពុងរៀបចំដាក់ចេញនូវរាល់យន្តការលើកទឹកចិត្តគ្រប់រូបភាព ដើម្បីទាក់ទាញការធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជាបន្ថែម ខណៈការហោះហើរ និងការធ្វើដំណើរចូលមកកម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកកំពុងមានកំណើនឡើងវិញក្នុងឆ្នាំ២០២២នេះ។

លោករដ្ឋមន្ត្រីស្ដីទីបានបញ្ជាក់ទៀតថា ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានពិភាក្សានិងស្វែងយល់លើបញ្ហាប្រឈមមួយចំនួនដែលកើតមាននៅក្នុងដំណាក់កាលនៃការស្តារឡើងវិញនូវវិស័យទេសចរណ៍ រួមមាន ប្រឈមនឹងការចាប់យកទីផ្សារទេសចរណ៍ផ្លូវឆ្ងាយ (Long-Haul) ប្រឈមនឹងសភាពការប្រែប្រួលជារួមនូវសេដ្ឋកិច្ចសកល ចំពោះវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ចំពោះការកើនឡើងថ្លៃប្រេងឥន្ទនៈ ប្រឈមនឹងរបាំងនានានៅតាមប្រទេសមួយចំនួនដែលនៅតែបន្តអនុវត្តតឹងរឹង ប្រឈមនឹងការបង្កើនសមត្ថភាពប្រកួតប្រជែងរវាងកម្ពុជានិងគោលដៅជិតខាង (ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការកាត់បន្ថយរបាំងដែលមិនចាំបាច់) ប្រឈមនឹងបញ្ហាអសកម្មមួយចំនួននៅតាមច្រកចេញ-ចូលប្រទេសដែលត្រូវដោះស្រាយ។

ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏បានពិនិត្យនិងឯកភាពបន្តអនុវត្តផែនការសកម្មភាពដូចមានកំណត់ក្នុងផែនទីចង្អុលផ្លូវស្តីពីការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៤។

គួរជម្រាបថា កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍សុវត្ថិភាពធៀបនឹងជំងឺកូវីដ-១៩ ទន្ទឹមនឹងកម្ពុជាបច្ចុប្បន្នមានភាពស៊ាំក្នុងសហគមន៍ ពិសេសបុគ្គលិកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់បានចាក់វ៉ាក់សាំងគ្រប់ដូស រាល់មូលដ្ឋានអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីអនុវត្តស្តង់ដាអប្បបរមាក្នុងវិស័យទេសចរណ៍ (SOP)៕