(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន២២៩រូប មកពីគណបក្សផ្សេងៗ និងមានមតិសំណេះសំណាលជាមួយប្រធានក្រុមបក្សឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម សរុបទាំងអស់ចំនួន៨៩៤រូប។

នៅក្នុងកម្មពិធីនេះ បានប្រព្រឹត្តទៅសាលសហគមន៍ ឃុំរាយប៉ាយ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំចុះជួយឃុំរាយប៉ាយថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំផងដែរ។

ក្នុងឱកាសនេះលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងអំពីលក្ខណៈសម្បត្តិពេញលេញ និងសមិទ្ធផលធំធេង ដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន បានធ្វើដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោករដ្ឋមន្រ្ដី ក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំបក្ស និងក្រុមការងារចុះជួយឃុំរាយប៉ាយ សម្រាប់ការកសាងសមិទ្ធ ផលជាច្រើន ក្នុងឃុំមានជាអាទិ៍ ការផ្តល់អាហាររូបករណ៍ ដល់កូនចៅប្រជាពលរដ្ឋបានសិក្សា នៅតាមសាកលវិទ្យាល័យ នានា ជាពិសេសនៅរាជធានីភ្នំពេញ ការសាងសង់អគារសិក្សា សាលសហគមន៍ មណ្ឌលសុខភាព ផ្លូវដឹកជញ្ជូនកសិផល ផ្លូវថ្នល់ និងការបំពាក់អំពូលសូឡាបំភ្លឺតាមផ្លូវជាដើម ព្រមទាំងបានអំពាវនាវឲ្យសមាជិកទាំងអស់ចូលរួមបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានាថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខ។

លើសពីនេះ តំណាងនិស្សិតដែលជាកូនកសិកររស់នៅក្នុងឃុំរាយប៉ាយ បានថ្លែងថា អំណរគុណដល់ លោកបណ្ឌិតសភាចារ្យ ក៏ដូចជាក្រុមការងារ ដែលបានផ្តល់អាហាររូបករណ៍ដល់ពួកគាត់ និងកូនចៅអ្នកស្រុកកងមាស ប្រមាណជាង១,០០០នាក់ ក្នុងនោះឃុំរាយប៉ាយប្រមាណ២០០នាក់ បានសិក្សាសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី និងក្រុមការងារ បានឧបត្ថម្ភសមាជិកថ្មី និងមេក្រុមបក្ស និងអ្នកចូលរួមទាំងអស់ដែលក្នុងម្នាក់ ទទួលបានថវិកា១ម៉ឺនរៀល និងសារ៉ុង១ គិតជាថវិកាសរុបចំនួន២៤លានរៀល៕