(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានទទួលសម្ភារៈឧបករណ៍វេជ្ជសាស្ត្រ ជិត៣០មុខ សរុបជាទឹកប្រាក់ជិត៤០ម៉ឺនដុល្លារ ពីសាធារណរដ្ឋឆែក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានរៀបចំពិធីប្រគល់-ទទួលសម្ភារៈឧបករណ៍វេជ្ជសាស្ត្រនេះ ជូនដល់មន្ទីរពេទ្យកុមារជាតិ តាមរយៈគម្រោង «ការពង្រឹងសមត្ថភាពនៃការថែទាំសុខភាពមាតា និងទារកនៅអាគារសង់ថ្មីសម្រាប់ផ្នែកសម្ភពនិងទារក នៃមន្ទីរពេទ្យកុមារជាតិ» គាំទ្រដោយភ្នាក់ងារអភិវឌ្ឍនៃសាធារណរដ្ឋឆែក ដែលមានទីតាំងស្ថិតនៅ មន្ទីរពេទ្យកុមារជាតិ។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោក ម៉ាទីន វ៉ាវរ៉ា (H.E. Martin Vávra) ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជា, លោក ញឹប អង្គាបុស្ស ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យកុមារជាតិ លោក Jiri Skvor ប្រធានអង្គការ ការីតាសនៃសាធារណៈរដ្ឋឆែក (Caritas Czech Republic និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរពេទ្យកុមារជាតិ។
លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានសម្ដែងនូវសេចក្តីរីករាយ និងមោទនភាពយ៉ាងក្រៃលែង ចំពោះចំណងសាមគ្គីភាពដ៏រឹងមាំ រវាងកម្ពុជា និងសាធារណរដ្ឋឆែក ដែលមានប្រវត្តិជាច្រើនឆ្នាំមក ហើយ។ ចំណងសាមគ្គីភាពនេះ បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការអភិវឌ្ឍលើវិស័យនានា ដូចជា វិស័យអប់រំ អភិវឌ្ឍសហគមន៍និងវិស័យសុខាភិបាលផងដែរ តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងទ្វេភាគី ក្នុងការលើកកម្ពស់ និងពង្រឹងគុណភាពសេវាសុខាភិបាលនៅកម្ពុជា។
លោករដ្ឋមន្រ្ដីបានបញ្ជាក់ថា សាធារណរដ្ឋឆែកបានចូលរួមចំណែកយ៉ាងសកម្មតាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងជាបន្តបន្ទាប់ ដោយផ្តោតលើការលើកកម្ពស់សុខភាពមាតានិងទារក ក្នុងនោះមានទាំងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក ចូលរួមក្នុងការបង្កើតពិធីសារថែទាំព្យាបាលទារក ផ្តល់ជូនឧបករណ៍វេជ្ជសាស្ត្រសម្រាប់ដំណើរការ និងពង្រឹងគុណភាពថែទាំព្យាបាលទារក ព្រមទាំងផ្តល់ជាសម្ភារៈសម្រាប់បណ្តុះបណ្តាលបែបទំនើប សមស្របតាមតម្រូវការ ដែលមិនត្រឹមតែជួយដល់ការពង្រឹងគុណភាពក្នុងមន្ទីរពេទ្យកុមារជាតិប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាធនធានដ៏សំខាន់ សម្រាប់ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលតាមបណ្តាខេត្តនានា និងនិស្សិតគ្រប់ជំនាញក្នុងវិស័យសុខាភិបាល ដែលបានមកទទួលការបណ្តុះបណ្តាល និងចុះកម្មសិក្សានៅមន្ទីរពេទ្យកុមារជាតិផងដែរ។
លើសពីនេះទៀត លោករដ្ឋមន្រ្ដី បានបន្ដថា រឿងដែលធ្វើឲ្យរូបលោក និងប្រជាជនកម្ពុជាទាំងអស់ ចងចាំមិនភ្លេចចំពោះទឹកចិត្ត ប្រកបដោយមនុស្សធម៌ និងសប្បុរសរបស់សាធារណៈរដ្ឋឆែកនោះគឺ ក្នុងពេលដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូលបាននិងកំពុងស្ថិតក្នុងស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ១៩ សាធារណរដ្ឋឆែក តាមរយៈកម្មវិធីជំនួយមនុស្សធម៌ បានផ្តល់ជាសម្ភារៈបរិក្ខាពេទ្យមួយចំនួនដល់មន្ទីរពេទ្យកុមារជាតិ ក្នុងការទប់ស្កាត់ការរីករាតត្បាតនៃមេរោគកូវីដ១៩ ដែលជាផ្នែកមួយរួមចំណែកជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាយើង។
ជាងនេះទៅទៀត លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង កាន់តែរំភើប និងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំងបំផុត តាមរយៈប្រសាសន៍គាំទ្ររបស់លោក ម៉ាទីន វ៉ាវរ៉ា (H.E. Martin Vávra) ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជា និងសេចក្តីរាយការណ៍របស់នាយកមន្ទីរពេទ្យ ក្នុងការប្រគល់ជូនសម្ភារៈ ឧបករណ៍វេជ្ជសាស្ត្រសរុបជាទឹកប្រាក់រហូតដល់ជិត៤០ម៉ឺនដុល្លារដែលមានចំនួនជិត៣០មុខ ហើយក្នុង១មុខៗមានចំនួនច្រើន សម្រាប់សម្រួលដល់ដំណើរការអភិវឌ្ឍផ្នែកសម្ភព និងទារក លើអាគារសង់ថ្មីនៃមន្ទីរពេទ្យកុមារជាតិ ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។
លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា នេះបញ្ជាក់ឲ្យឃើញពីការតម្លៃនៃចំណងមិត្តភាពដ៏រឹងមាំមិនអាចកាត់ថ្លៃបាន រវាងកម្ពុជា និងសាធារណរដ្ឋឆែក ហើយក៏ជាសក្ខីភាពដែលបង្ហាញពីទឹកចិត្តសប្បុរសធម៌របស់ប្រជាជននៃសាធារណៈរដ្ឋឆែក។ ទាំងនេះក៏បង្ហាញឲ្យឃើញអំពីវប្បធម៌ចែករំលែក ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង លើកកម្ពស់និងឲ្យតម្លៃខ្លាំងបំផុត។
គួររម្លឹកថាតាមរយៈការផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យលើកទី១ ដែលសរុបជាទឹកប្រាក់ប្រមាណជាង ៣០ម៉ឺនដុល្លារ ដែលបានដាក់ឲ្យដំណើរការនៅផ្នែកជំងឺទារក និងផ្នែកជំងឺធ្ងន់នៅដើមឆ្នាំ២០២០ រួមជាមួយការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពគ្រូពេទ្យ និងគិលានុបដ្ឋាកលើជំនាញព្យាបាលថែទាំជំងឺទារក និងការផ្តល់ជូនលើកទី២ នូវសម្ភារៈបណ្តុះបណ្តាលជាង ៤០គ្រឿង រួមជាមួយការផ្តល់ជូនថ្ងៃនេះ៕