(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តបេសកកម្មទៅតាមគោលដៅខេត្តឧត្តរមានជ័យ និងខេត្តរតនគិរី ដែលសម្រេចផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតសរុបចំនួន៦៧៨គ្រួសារ។

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំងនោះជាចាស់ជរាឥតទីពឹង ជនមានពិការភាព អតីតយុទ្ធជនពិការដោយសារសង្គ្រាម និងរងគ្រោះថ្នាក់ដោយសារមីន ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ រស់នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ សរុបចំនួន២៨៨គ្រួសារ និងចំនួន៣៩០គ្រួសារទៀតជាជនជាតិភាគតិច និងគ្រួសារខ្មែរ-ឥស្លាមរស់នៅស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស ខេត្តរតនគិរី។

ពិធីសំណេះសំណាល និងចែកអំណោយនៅគោលដៅទាំង២ខេត្តខាងលើនេះបានរៀបចំនៅតាម១០ទីតាំងផ្សេងៗគ្នា និងចុះផ្ទាល់ដល់ផ្ទះមួយចំនួនទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលក្នុងនោះសម្រាប់គោលដៅខេត្តឧត្តរមានជ័យ ក្រុមការងារកាកបាទក្រហមកម្ពុជាដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងសម្រាប់គោលដៅខេត្តរតនគិរី ក្រុមការងារកាកបាទក្រហមកម្ពុជាដឹកនាំដោយលោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា។

នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ លោកស្រី ម៉ែន នារីសោភ័គ និងលោក អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំរបស់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុតជូនដល់ប្រជារាស្ត្រទាំងអស់ដែលរស់នៅតាមតំបន់ព្រំដែនដាច់ស្រយាលនេះ។

លោកស្រី ម៉ែន នារីសោភ័គ និងលោក អ៊ុយ សំអាត បានគូសបញ្ជាក់ថា ថ្វីបើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានធុរៈនិងកិច្ចការងារជាច្រើនដែលមិនអាចអញ្ជើញមកជួបប្រជាពលរដ្ឋដោយផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែងពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសអ្នករស់នៅតំបន់ឆ្ងាយដាច់ស្រយាល និងជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនដល់អ្នកដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ជាមួយគ្នានោះ គណៈប្រតិភូទាំងពីរគោលដៅបានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកជួបប្រជាពលរដ្ឋជាថ្មីម្តងទៀត ព្រោះថាតំបន់ទាំងនេះជាតំបន់ដែលធ្លាប់ឆ្លងកាត់សង្រ្គាមកាលពីអតីតកាល គ្មានសន្តិសុខសុវត្ថិភាព និងគ្មានទាំងហេដ្ឋារចនាសម្ពន្ធ ប៉ុន្តែពេលនេះមានសុខសន្តិភាព មានទាំងហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ស្អាតល្អ ថែមទាំងមានទេសភាពយ៉ាងស្រស់បំព្រង អមនៅតាមសង្ខាងផ្លូវគួរឱ្យចង់ទស្សនាទៀតផង។

ទន្ទឹមនឹងនេះ លោកស្រី ម៉ែន នារីសោភ័គ និងលោក អ៊ុយ សំអាត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសដើម្បីការអភិវឌ្ឍបន្តទៅមុខទៀតផងដែរ។

គណៈប្រតិភូកាកបាទក្រហមកម្ពុជាបានថ្លែងដោយមោទនភាពចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ទី៣ និងទី៤ រួមជាមួយការអនុវត្តវិធានការការពារ និងការរក្សាអនាម័យ ដែលនេះគឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហើយបើកឱកាសក្នុងការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ និងលោក អ៊ុយ សំអាត បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀងរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាននានា ដែលបានបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកាកបាទក្រហមកម្ពុជាអាចបន្តសកម្មភាពមនុស្សធម៌ទៀតបាន។

បន្ថែមពីនេះ គណៈប្រតិភូក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាព ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។

ជាមួយគ្នានេះ លោកស្រី ម៉ែន នារីសោភ័គ និងលោក អ៊ុយ សំអាត បានអំពាវដល់ស្ត្រីជាមាតា ស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិចឱ្យបាន៤ដង ដើម្បីដឹងពីស្ថានភាពសុខភាពទាំងម្តាយនិងទារក និងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារកផងដែរ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី ឬទឹកស៊ីអ៉ីវ១យួរ ជែលលាងដៃ១ដប ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកា២ម៉ឺនរៀលផងដែរ៕