(ឡុងដ៍)៖ បន្ទាប់ពីមានការប្រកាសអាសន្ន នៅពហុកីឡដ្ឋាន Old Trafford របស់ក្រុមបាល់ទាត់ យក្សអង់គ្លេស Manchester United ដែលនាំឲ្យក្រុមអ្នកគាំទ្រជាង ៧៥,៦០០នាក់រត់ភៀសខ្លួន ចេញភ្លាមៗពីទីតាំងនោះ ប៉ូលិសអង់គ្លេសបានបើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីស្វែងរកអ្នក បង្ករឿងនេះឡើង។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅមុខនេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦។

ប៉ូលិសអង់គ្លេសបានរកឃើញវត្ថុដែលគេសង្ស័យថាជាគ្រាប់បែក នៅក្នុងបង្គន់មួយរបស់ ពហុកីឡដ្ឋានធំជាងគេលំដាប់ទីពីរនៅអង់គ្លេសខាងលើនេះ នៅរយៈពេល២០នាទីមុនការ ប្រកួតចាប់ផ្តើមរវាងក្រុម Manchester United និង Bournemouth ដែលគ្រោងប្រព្រឹត្តទៅនៅ វេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ ម៉ោងនៅទីក្រុងឡុងដ៍។

យ៉ាងណាក៏ដោយរហូតមកដល់ថ្ងៃចន្ទនេះ ប៉ូលិសអង់គ្លេសមិនទាន់អាចកំណត់បានថា វាជាអំពើ ភេរវកម្ម ឬជាការចង់បង្កការភ័ន្តច្រឡំពីសំណាក់ក្រុមណាមួយនៅឡើយទេ ដោយប៉ូលិសកំពុង ធ្វើការស៊ើបអង្កេតលើរឿងនេះនៅឡើយ។ គួរបញ្ជាក់ថា គ្រាប់បែកខាងលើនេះ គឺមានទម្រង់ ដូចគ្រាប់បែកដែលយោធាប្រើប្រាស់ ប៉ុន្តែវាត្រូវបានក្រុមជំនាញអះអាងថា ជាគ្រាប់ក្លែងក្លាយ តែប៉ុណ្ណោះ ដែលមិនអាចផ្ទុះនោះឡើយ៕