(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ថា គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាពពេញលេញ ពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ។

ពិធីនេះត្រូវបានធ្វើឡើងជួបសំណេះសំណាលព្រមទាំងដោះស្រាយនូវទុក្ខលំបាក តាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅបរិវេណវត្តវាល ស្ថិតក្នុងវត្តរមណីយវ័ន (ហៅវត្តធុតង្គ) ស្ថិតនៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយបានការចូលរួមសរុបចំនួន១,០០៧នាក់។

លោកបណ្ឌិតអភិបាលខេត្តក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនសមិទ្ឋិផលក្រុងសួង ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង គួរអោយកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សរុបរួមចំនួន៣៦ខ្សែ ស្មើនិង ៥៩,៨២៣ម៉ែត្រ និងស្តារប្រឡាយសរុបរួមស្មើនិង ១១,១០០ម៉ែត្រ ហើយលោកបណ្ឌិតសង្ឃឹមនិងជឿជាក់ថាក្នុងរយៈពេល០៥ឆ្នាំខាងមុខទៀត រដ្ឋបាលក្រុង-ស្រុក របស់ខេត្តត្បូងឃ្មុំ នឹងមានការរីកដុះដាល ដើម្បីធ្វើយ៉ាងណាធ្វើឱ្យបានជាប្រយោជន៍សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទាំងក្នុងក្រុងសួងដោយផ្ទាល់ និងប្រជាពលរដ្ឋដែលធ្វើដំណើរប្រកបរបរ ទទួលទានប្រចាំថ្ងៃ។

បន្ថែមពីលើនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរបស់សម្តេច ប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ សម្តេចបានលះបង់ ដោយយកអាយុជីវិតជាដើមទុន ដើម្បីទទួលបានឯកភាពជាតិ សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវអ្នកដែលមានវត្តមាននៅទីនេះ សូមបន្តគៀងគរ បងប្អូនកូនក្មួយ និងគ្រួសារ ក្នុងភូមិ ក្នុងមូលដ្ឋាន ធ្វើការបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” ដោយស្មោះត្រង់ ដើម្បីរក្សាបាននូវសុខសន្តិភាព និងសូមគាំទ្រសម្តេចតេជោ ជាបេក្ខភាព នាយករដ្ឋមន្ត្រីជារៀងរហូត៕