(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើជីវភាពបងប្អូនប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែមានភាពល្អប្រសើរបននថែមទៀត។ តាមរយៈក្រសួងបរិស្ថានដែលកំពុងការពារ និងអភិរក្សតំបន់ការពារធម្មជាតិបានផ្តល់នូវការគាំទ្រ លើការអភិវឌ្ឍជីវភាពរបស់ប្រជាសហគមន៍ដោយជំរុញលើការអភិវឌ្ឍផ្នែកទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការផ្តល់ពូជសត្វ និងរុក្ខជាតិហូបផ្លែដើម្បីបងប្អូនចិញ្ចឹម និងដាំសម្រាប់សន្តិសុខស្បៀងរបស់សហគមន៍ផងដែរ»។

ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងកំឡុងលោកចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការចូលរួមរបស់សហគមន៍តំបន់ការពារធម្មជាតិជាំពេន ក្នុងដែនជម្រកសត្វព្រៃបឹងពែ ភូមិសាស្ត្រឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

នាឱកាសនោះដែរ លោករដ្ឋលេខាធិការ បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថានបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ជារបងក្នុងការការពារតំបន់ការពារធម្មជាតិឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

លោក នេត្រ ភក្ត្រា បានបន្តថា សហគមន៍តំបន់ការពារធម្មជាតិជាំពេន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៥ មានផ្ទៃដី ៣៤៤៥ហិកតា ដែលជាប្រភេទព្រៃ ស្រោងនិងព្រៃរបោះលាយគ្នា ហើយសមាជិកសហគមន៍ដែលជាជនជាតិដើមភាគតិចគួយ បាននឹងកំពុងថែរក្សាការពារព្រៃសហគមន៍បានយ៉ាងល្អប្រសើរដោយសហគមន៍បានសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរភូមិឃុំ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ដើម្បីចុះល្បាតជាប្រចាំ។ ជាមួយគ្នានេះ សមាជិកសហគមន៍ ក៏បាននឹងកំពុងប្រមូលអនុផលព្រៃឈើផ្សេងៗ រួមមានការប្រកបរបរដងជ័រច្បោះ ការប្រមូលផលទឹកឃ្មុំ និងអនុផលព្រៃឈើផ្សេងទៀត។

ជាមួយសក្តានុពលទេសចរណ៍ធម្មជាតិ និងប្រពៃណីទំនៀមទម្លាប់នៅក្នុងសហគមន៍នេះ តំណាងសហគមន៍តំបន់ការពារធម្មជាតិជាំពេន មានគម្រោងប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ និងបង្កើនប្រាក់ចំណូល បន្ថែមពីអ្វីដែលពួកគាត់បាន ទាញយក។ គំនិតផ្តួចផ្តើមរបស់សហគមន៍ត្រូវបានគាំទ្រដោយ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បានលើកទឹកចិត្តដល់សហគមន៍ និងជំរុញឱ្យសហគមន៍សហការបន្ថែមជាមួយមន្ត្រីជំនាញក្រសួងបរិស្ថាននិងអននកពាក់ព័ន្ធនានា ដើម្បីប្រែក្លាយតំបន់នេះជាកន្លែងទេសចរណ៍ធម្មជាតិ ជាមួយសក្តានុពលដែលខ្លួនមានដូចជាប្រពៃណីនៃការរស់ នៅចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច ប្រពៃណីនៃការដងជ័រច្បោះ ការរកឃ្មុំ និងធនធានធម្មជាតិនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនេះ។

ព្រៃសហគមន៍តំបន់ការពារធម្មជាតិជាំពេន ដែលត្រូវបានលោក នេត្រ ភក្ត្រា ពិពណ៌នាថាត្រូវបានបងប្អូនសហគមន៍ជនជាតិដើមភាគតិចសហការជាមួយមន្ត្រីឧទ្យានុរក្សការពារ និងអភិរក្សបានយ៉ាងល្អ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំសហគមន៍ឱ្យខិតខំចិញ្ចឹម សត្វ ដាំបន្លែបង្ការ និងការសិក្សាពីរបៀបធ្វើបដិសណ្ឋារកិច្ច ភ្ញៀវទេសចរ និងជាពិសេស គឺការរៀបចំរបៀបចម្អិនម្ហូបបែប សហគមន៍មូលដ្ឋានឱ្យមានឱរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីទាក់ទាញទឹកចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងភ្លក្សម្ហូបរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងរៀបចំផ្ទះស្នាក់នៅ ឬកន្លែងបោះតង់ និងបន្ទប់អនាម័យឱ្យបានស្អាត និងមានអនាម័យល្អ។ ទាំងនេះគឺជាគ្រឿងទាក់ទាញទឹកចិត្តប្រជាពលរដ្ឋខ្មែរឱ្យមកទស្សនាកម្សាន្តនៅទីនេះ។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា «នៅក្នុងវិធានការបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការអភិវឌ្ឍ និងបង្កើនជីវភាពរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ។ កន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វក្របី គោ ពពែ សត្វចៀម ជ្រូកជាដើមដល់ពលរដ្ឋ សម្រាប់ចិញ្ចឹម ដើម្បីបង្កើនសុវត្ថិភាពស្បៀង និងរកប្រាក់ ចំណូលបន្ថែម»

ចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វទៅតាមគោល ដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖ ក្របីចំនួន ២៥៨ក្បាល គោចំនួន ៤០២ក្បាល, គោបាចំនួន ៦ក្បាល, គោមេពូជចំនួន ៣០ក្បាល ចៀមចំនួន ៥៤២ក្បាល ជ្រូកចំនួន ៨០ក្បាល ជ្រូកព្រៃចំនួន ១០០ក្បាល បាចៀមចំនួន១ក្បាល និងពពែចំនួន៣៨៣ក្បាល។ សម្រាប់សហគមន៍ជាំពេន ខេត្តព្រះវិហារបានទទួលពូជគោចំនួន ២០ក្បាល និងពូជពពែមួយចំនួនទៀត ដែលរហូតមកដល់ពេលនេះ ពូជគេបានផ្តល់កូនជាច្រើនក្បាល និងត្រូវបានចែកបន្តទៅសមាជិកសហគមន៍ផ្សេងទៀត។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាននេះ គឺជាវិធានការជាក់ស្តែង ដើម្បីការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃរបស់កម្ពុជាឱ្យបានគង់វង្ស ដែលមិនមែនជាការអង្គុយបក់ផ្សែង ប៉ុន្តែជាការពន្លត់ភ្លើងសំដៅរក្សាព្រៃឱ្យបានគង់វង្សក្រោមទិសស្លោក «រក្សាឈើឈរដើម្បីរកចំណូល» តាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី។

បើតាមការអះអាងរបស់លោក នេត្រ ភក្ត្រា នៅក្នុងការកាត់បន្ថយការពឹងអាស្រ័យរបស់ប្រជាពលរដ្ឋលើធនធានធម្មជាតិ គឺក្រុមការងារសិក្សា និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងកិច្ចសហការនៃការផ្តល់ពូជសត្វ នៃក្រសួងបរិស្ថាន ធ្លាប់បានធ្វើការសិក្សាលទ្ធភាពក្នុងការផ្តល់ជាពូជសត្វគោ ក្របី ពពែ ជ្រូក ជ្រូកព្រៃ ចៀម ដើម្បីយកទៅប្រគល់ជូន ប្រជាសហគមន៍មូលដ្ឋាន ព្រមទាំងដៃគូសហការចិញ្ជឹមតាមកសិដ្ឋាន និងប្រជាពលរដ្ឋដែលមានឆន្ទៈខ្ពស់ចង់ចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន ដោយឈរលើគោលការណ៍នៃលក្ខន្តិកៈ ជាមួយក្រសួង បរិស្ថាន ដោយទុករយៈពេលសមស្របណាមួយ ដើម្បីប្រគល់សងត្រលប់មកក្រសួងវិញ ផ្អែកលើគោលការណ៍និរន្តរភាពនៃគម្រោង។

ក្រៅពីផ្តល់ប្រភេទសត្វចិញ្ចឹម ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាអង្គការដៃគូ ក៏បាននិងកំពុងអនុវត្តគម្រោងក្នុងក្របខណ្ឌនៃកិច្ចសន្យាជាមួយប្រជាសហគមន៍មួយចំនួនទៀត ដូចជាកម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ឬ «ស្រូវត្រយង» នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងព្រះរការ ភូមិសាស្ត្រខេត្តព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងកម្មវិធីសិប្បកម្មកែច្នៃអនុផលព្រៃឈើផ្សេងទៀត ព្រមទាំងការលើកកម្ពស់ជីវភាព តាមរយៈការជំរុញផ្នែកវិស័យកសិកម្ម ការដាំបន្លែផ្គត់ផ្គង់ទីផ្សារ រួមនឹងការប្រមូលផលទឹកឃ្មុំព្រៃជាដើម។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តសហគមន៍តំបន់ការពារធម្មជាតិបន្តចូលរួមឱ្យកាន់តែសកម្មខ្លាំងបន្ថែមទៀតជាមួយក្រសួងបរិស្ថាន ដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការពារអភិរក្សធនធានធម្មជាតិ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋលេខាធិការបានវាយតម្លៃថា គោលនយោបាយដែលដាក់ចុះដោយរាជរដ្ឋាភិបាលក្នុងការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍបាននឹងកំពុងកសាងមូលដ្ឋានគ្រឹះរឹងមាំក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិដែលកម្ពុជានៅសេសសល់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណដល់សមាជិកសហគមន៍តំបន់ការពារធម្មជាតិទាំអស់ដែលបានយកចិត្តទុកដាក់ និងបានចូលរួមសហការយ៉ាងល្អជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានសង្កត់ធ្ងន់ថា៖ «អ្វីដែលយើងទាំងអស់គ្នាបានធ្វើលើការបង្កើនជីវភាពប្រជាពលរដ្ឋ កាត់ផ្តាច់ការពឹងអាស្រ័យទាំងស្រុងលើធម្មជាតិ គឺជាដំណើរដ៏ត្រឹមត្រូវមួយ ហើយការបង្កើតជម្រើសមុខរបរថ្មី បង្កើនជីវភាពពលរដ្ឋនៅក្និងតំបន់សហគមន៍ គឺជាយុទ្ធសាស្ត្រដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់ការអភិរក្សធនធានធម្មជាតិរបស់កម្ពុជា»

សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសកម្ពុជា ត្រឹមខែឧសភា ឆ្នាំ២០២២នេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា ថ្លែងឱ្យដឹងថាមានចំនួន ១៨២ ដែលដែលមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៥៥,៤៤៦គ្រួសារ នៅក្នុង ៣៣៥ភូមិ ក្នុងួ១០៨ឃុំ ក្នុង១៦ខេត្ត និងចូលរួមគ្រប់គ្រងអភិរក្សលើផ្ទៃដីព្រៃចំនួន ៣០,៩៤៦៣ហិកតា។ ក្នុងនោះ នៅខេត្តព្រះវិហារដែលមានតំបន់ការពារធម្មជាតិចំនួន៩ និងរបៀងអភិរក្ស១ មានផ្ទៃដីសរុបជាង ៩៥ម៉ឺនហិកតា មានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៤២សហគមន៍ មានចំនួន ៨,១៤៨គ្រួសារ និងបានកំពុងចូលរួមការពារអភិរក្សព្រៃឈើទំហំ ៦៩,២៦១ហិកតា នៅក្នុងភូមិចំនួន៤៧ ក្នុងឃុំចំនួន១៧ នៃខេត្តព្រះវិហារ៕