(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និង អង្គការសមាគមជាតិអន្តរជាតិ ចូលរួមសហការជាមួយកងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឲ្យសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យមានភាពល្អប្រសើរថែមទៀត។ សម្តេចក្រឡាហោម ស ខេង ថ្លែងអំពាវនាវដូច្នេះ ក្នុងឱកាសប្រារព្វពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ (១៦ ឧសភា១៩៤៥-១៦ ឧសភា ២០១៦) ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

ក្នុងឱកាសប្រារព្ធខួបថ្ងៃកំណើតនគរបាលជាតិនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែង ថា កន្លងមក កងកម្លាំងនគរបាលជាតិ ដែលបានប្រសូតចេញពីកូនចៅពលដ្ឋខែ្មរគ្រប់ជំនាន់ បានឆ្លងកាត់ឧបសគ្គជាច្រើន ហ៊ានពលីជីវិតគ្រប់បែបយ៉ាង និងបានប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ស្របច្បាប់កើតចេញពីការបោះឆ្នោត។

សម្តេចក្រឡាហោម បន្ដថា កម្លាំងនគរបាលជាតិ ក៏បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនរាប់មិនអស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ការពារឯករាជ្យ អាធិបតេយ្យភាពជាតិ បូរណភាពទឹកដី រក្សាស្ថិរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងធ្វើវិទ្ធង្ស នាអំពើភេរវកម្ម បង្កា និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងការពារអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ រក្សាសុខសុវត្ថិភាព នៅមូលដ្ឋាន និងរបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្គម ក្រៅពីនេះកងកម្លាំងនគរបាលក៏បានចូលរួមលេណដ្ឋានសមរភូមិ ជាមួយកងទ័ពនៃកងយោពលខេមរភូមិន្ទ ការពារខែ្សបន្ទាត់បង្គោលខណ្ឌសីមាព្រំដែនផងដែរ។

សម្តេចក្រឡាហោម ស ខេង បន្ថែមថា តាមរយៈកិច្ចខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នោះ បានជំរុញឲ្យកម្ពុជា មានស្ថេរភាពនយោបាយ បន្តសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ និងចំណូលប្រជាពលរដ្ឋជាមធ្យមម្នាក់ៗ កើនដល់១៣២៥ដុលា្លរអាមេរិចក្នុងមួយឆ្នាំ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងបញ្ជាក់ថា ក្នុងឆ្នាំ២០១៥កន្លងមក នគរបាលជាតិ បានប្រមូលផ្តុំអនុវត្តភារកិច្ចស្នូលរបស់ខ្លូន ក្នុងការថែរក្សាសន្តិសង្គម ធ្វើបឲ្យបទល្មើសបន្តថយចុះ៤% បន្ថែមទៀត បើធៀបឆ្នាំ២០១៤ ដែលមានត្រឹម ២៧០៨ករណី លើ២៨១៤ករណី និងបានចាត់វិធានការបង្ក្រាប បណ្តាករណីបទល្មើសកើនឡើងរហូតដល៧៩% ឃាត់ខ្លួនជនល្មើសបានជាង៣០០០នាក់៕