(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បញ្ហាជំងឺកូវីដ-១៩ ជាង២ឆ្នាំកន្លងមក រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការ មានប្រសិទ្ធិភាព ការពារបានអាយុជីវិត សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូល កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ ថ្នាក់ដឹកនាំសាសនា វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមយ៉ាងសកម្មដោយមិនខ្លាចនឿយហត់ ក្នុងស្មារតីទទួលខុសត្រូវចូលរួមយ៉ាងសកម្មអនុវត្តគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រោះធម្មជាតិ និងបន្តអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យ បានរីកចម្រើន។

ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន បានថ្លែងបន្តថា ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ជាង២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការប្រកបដោយការ ទទួលខុសត្រូវ និងមានប្រសិទ្ធិភាពកំណត់យកការចាក់វ៉ាក់សាំង វិធានការយុទ្ធសាស្រ្តគន្លឹះរួមនឹងវិធានការ អន្តរាគមន៍នានា ផ្នែកសង្គម-សេដ្ឋកិច្ច សំដៅធានាការពារ អាយុជីវិត សុខុមាលភាព និងជីវភាពរបស់ប្រជាជន និងបើកឲ្យដំណើរការប្រទេសជាប្រក្រតីឡើងវិញ។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងណែនាំដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តត្រួតពិនិត្យមើលសំណូមពរ និងសន្យានានាកែលម្អររាល់ចំណុចខ្វះខាត ដើម្បីជំរុញការឆ្លើយតបឱ្យសមស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរូមគ្នាអភិវឌ្ឍមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន បន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កៀគរប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជម្រុញ និងអនុវត្តវិធានសុខាភិបាលនានា បន្តពង្រឹងភាពស្មោះត្រង់ និងគុណធម៌របស់មន្រ្តីគណបក្សចំពោះគណបក្ស និងបន្តស្វែងយល់ពីសុខទុក្ខនិងតម្រូវការប្រជាពលរដ្ឋមូលដ្ឋានឲ្យបានកាន់តែច្រើន និងទូលំទូលាយ បន្តគៀគរ ជំរុញ ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតទៅបោះឆ្នោតជួនគណបក្សប្រជាជន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ឱ្យគ្រប់គ្នា សមាជិកម្នាក់ជាសម្លេងឆ្នោតគាំទ្រគណបក្ស មួយសម្លេង។

ជាទ្រនាប់ដៃ លោក កែ គឹមយ៉ាន បាននាំយកអំណោយចែកជូនដល់៖

១៖ ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល
២៖ ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបាន១សារុង
៣៖ ឧបត្ថម្ភក្រុមការងារយុវជនស្រុកគ្រប់ថ្នាក់ ៥០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល
៤៖ ឧបត្ថម្ភគណបក្សស្រុកថវិកា២លានរៀល និងគណបក្សឃុំចំនួ ន១៣ ក្នុង១ឃុំៗថវិកា ១លានរៀលផងដែរ៕