(បាត់ដំបង)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព និងថែទាំទារក នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ១ខ្នង ២ជាន់ កម្ពស់១១.២០ម៉ែត្រ គិតជាទឹកប្រាក់អស់១,១៨៦,៨៣៣.៨៥ដុល្លារ សាងសង់លើផ្ទៃដីទំហំ៦៤៨ក្រឡា និងអគារទំហំ១០.៥០ម៉ែត្រគុណ៣១ម៉ែត្រ ដែលជាអំណោយរបស់សាធារណ:រដ្ឋកូរ៉េ តាមរយ:អង្គការមូលនិធិកូរ៉េសម្រាប់ថែទាំសុខភាពអន្តរជាតិ (KOFIH)។

ពិធីសម្ពោធអគារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក PARK HEUNG KYEONG ឯកអគ្គរដ្ឋទូតសាធារណ:រដ្ឋកូរ៉េប្រចាំនៅកម្ពុជា ព្រមទាងមានការចូលរួមពី លោក អគ្គនាយកមូលនិធិកូរ៉េសម្រាប់ថែទាំសុខភាពអន្តរជាតិ (KOFIH) ប្រចាំសាធារណ:កូរ៉េ,
លោក KIM SANG GYEUN ប្រធានអង្គការ KOFIH ប្រចាំកម្ពុជា និងប្រតិភូអមដំណើរ, លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការសុខាភិបាល មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

បន្ទាប់ពីលោក KIM SANG GYEUN ប្រធានអង្គការ KOFIH ប្រចាំកម្ពុជា បានឡើងធ្វើរបាយការណ៍សង្ខេបដោយបានបញ្ជាក់ថា ប្រទេសកូរ៉េ តែងតែបានជួយដល់ប្រទេសកម្ពុជាពាក់ព័ន្ធផ្នែកសុខភាពសាធារណ:តាមរយ:អង្គការ KOFIH នៅកម្ពុជា ក៏ដូចជានៅខេត្តបាត់ដំបងកន្លង មកក៏ដូចជាថ្ងៃនេះយើងបានសម្ពោធសមិទ្ធផលនានាជាផ្លូវការក្នុងខេត្តបាត់ដំបង នូវអគារដែលទើបសាងសង់ និងត្រូវសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនាពេលនេះផងដែរ។

លោក PARK HEUNG KYEONG ឯកអគ្គរដ្ឋទូតសាធារណ:រដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក៏បានអបអរសាទរផងដែរ ដោយភាគីខាងកូរ៉េ បានជួយកសាង និងជួយផ្តល់បរិក្ខាពេទ្យផ្សេងៗផ្នែកសុខភាពកម្ពុជារហូតមក ពិសេសនៅខេត្តបាត់ដំបង។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការកោតសសើរ និងថ្លែងអំណរគុណដល់សាធារណៈរដ្ឋកូរ៉េ តែងបានផ្តល់ជំនួយដល់កម្ពុជាជាច្រើនកន្លងមក។ ដោយឡែកនៅខេត្តបាត់ដំបង ប្រទេសកូរ៉េបានជួយ តាមរយៈអង្គការ KOFIH បានជួយកសាងសមិទ្ធផលផ្សេងៗបានច្រើន ពិសេសជួយដល់ផ្នែកសុខភាពសាធារណៈ។

លោករដ្ឋមន្រ្តី បានកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីសុខាភិបាល គ្រូពេទ្យជំនាញទាំងអស់ មានការហត់នឿយហត់យ៉ាងខ្លាំង ក្នុងកាលៈទេសៈចុះចាក់វ៉ាក់សាំង និងព្យាបាលដល់អ្នកឆ្លងជំងឺកូវីដ១៩ រយៈពេល២ឆ្នាំកន្លង ខណៈពេលផ្ទុះជំងឺកូវីដ១៩ នៅលើពិភពលោក ពិសេសនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ធ្វើការព្យាបាលជូនប្រជាពលរដ្ឋឲ្យល្អបន្ថែមទៀត ទាំងនៅថ្នាក់ខេត្ត និងតាមមណ្ឌលសុខភាពតាមសហគមន៍ និងបន្តចាក់វ៉ាក់សាំងជូនពួកគាត់ឲ្យបានគ្រប់ៗ គ្នានូវដូសជំរុញដើម្បីទប់ស្កាត់ការឆ្លង និងផ្សព្វផ្សាយទូលំទូលាយ ក្រោយពាក្យថាយើងត្រូវបន្សាំខ្លួនរៀនរស់នៅជាមួយមេរោគ
ខណៈដែលប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបានគ្រប់គ្នា និងទាន់ពេលវេលាផងដែរ៕