(សៀមរាប)៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសម្អាតមីន/សំណល់ជាតិផ្ទុះ ពីសង្រ្គាម និងការគ្រប់គ្រងទិន្នន័យ ក្រោមកិច្ចសហការគាំទ្រពីអង្គការ NPA ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ/មន្រ្តីអាជ្ញាធរមីន តំណាងអាជ្ញាធរជាតិគីមីសាស្រ្ត កងវិស្វកម្ម ប្រតិបត្តិករដោះមីនជាតិ-អន្តរជាតិ (CMAC, NPMEC, HALO Trust, MAG, NPA, CSHD & APOPO) និងក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ)ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារបោសសម្អាតមីន/ស.ផ.ស និងការគ្រប់គ្រងទិន្នន័យ ដែលបានកំពុងអនុវត្តដោយប្រតិបត្តិករជាតិ-អន្តរជាតិ សំដៅឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយកិច្ចប្រជុំពិភាក្សានេះបានផ្តល់ឲ្យអាជ្ញាធរមីន ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ជួបប្រជុំគ្នា ចែករំលែកបទពិសោធន៍ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមនានាក្នុងការស្រាវជ្រាវ ការបោសសម្អាត និងការគ្រប់គ្រងទិន្នន័យ សំដៅធ្វើឲ្យដំណើរការស្រាវជ្រាវ ការបោសសម្អាត និងការគ្រប់គ្រងទិន្នន័យប្រព្រឹត្តទៅរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសមិទ្ធផលជាប្រវត្តិសាស្រ្តក្នុងការងារបោសសម្អាតមីន/ស.ផ.ស. រយៈពេល ៣០ឆ្នាំ នៅកម្ពុជា ដែលបានចូលរួមកែប្រែផ្តល់នូវមុខមាត់ដល់ការកសាងប្រទេសជាតិ ផ្តល់នូវជីវិតថ្មី និងក្តីសង្ឃឹមថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលនេះជាការចូលរួមមិនអាចកាត់ថ្លែបានពីគ្រប់ភាគីពាក់ព័ន្ធវិស័យមីនទាំងអស់។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណដល់បុគ្គលិកដោះមីនទាំងអស់ ដែលជាអ្នកអនុវត្តផ្ទាល់ និងជាអ្នកចូលរួមគាំពារសន្តិភាព បានពលីលៈបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបានខិតខំប្រឹងប្រែងក្នុងការចូលរួមនាំមកនូវការប្រែប្រួលយ៉ាងធំធេងដល់ប្រទេសកម្ពុជាដែលងើបចេញពីសង្រ្គាម ទៅជាប្រទេសមានការអភិវឌ្ឍ លើគ្រប់វិស័យ តាមរយៈការងារបោសសម្អាតមីន/ស.ផ.ស. ក្រោមការសម្របសម្រួល ត្រួតពិនិត្យ និងគ្រប់គ្រងរបស់អាជ្ញាធរមីន។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់បន្ថែមទៀតថា វិស័យមីននៅកម្ពុជា ត្រូវបានគេទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ លើការរៀបចំឲ្យមានរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការដឹកនាំ និងគ្រប់គ្រងចាប់ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ដែលបានបង្ហាញយ៉ាងច្បាស់ចំពោះការរៀបចំកិច្ចប្រជុំនាថ្ងៃនេះ រួមគ្នាពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ កិច្ចសហប្រតិបត្តិការ និងការផ្តល់ភាពជាដៃគូររវាងអង្គភាពនិងអង្គភាព ជាដើម។

លោកបន្តទៀតថា ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមយ៉ាងច្រើនក្នុងការផ្តល់នូវធនធាន និងជំទាញបច្ចេកទេសគ្រប់បែបយ៉ាង ដើម្បីឲ្យទស្សនវិស័យដឹកនាំ និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាទី១៨ (CSDG)។

ក្នុងនាមអាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យគ្រប់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ពង្រឹងការអនុវត្តការងារស្រាវជ្រាវ ការបោសសម្អាត និងការគ្រប់គ្រងទិន្នន័យឲ្យមានភាពប្រសើរឡើង មានដូចខាងក្រោម៖

*ស្នើប្រតិបត្តិករទាំងអស់ចូលរួមអនុវត្តការរំដោះផ្ទៃដី (Land Release) ឲ្យបានពេញលេញ ទាំងការស្រាវជ្រាវមិនបច្ចេកទេស (C1) ការស្រាវជ្រាវបច្ចេកទេស (C2) និងការបោសសម្អាតទាំងស្រុង (C3)
*ប្រតិបត្តិករទាំងអស់ត្រូវសហការឲ្យបានជិតស្និទជាមួយអាជ្ញាធរមីន ក្នុងការដោះស្រាយបញ្ហានានាលើការងារស្រាវជ្រាវ បោសសម្អាត និងគ្រប់គ្រងទិន្នន័យ និងអនុវត្តតាមសេចក្តីណែនាំ រឺការឯកភាពដែលបានពិភាក្សារួមគ្នា
*ប្រតិបត្តិករ និងភាគីពាក់ព័ន្ធត្រូវសហការឲ្យបានជិតស្និតជាមួយអង្គភាពទិន្នន័យអាជ្ញាធរមីន ក្នុងការបញ្ជូន រក្សាទុក និងដោះស្រាយបញ្ហានានាលើការគ្រប់គ្រងទិន្នន័យ៕