(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំឲ្យបារាំងជួយកសាងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដើម្បីឲ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប។

ការស្នើសុំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែលលោកបានជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបបារាំង ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា អង្គការ JICA របស់ជប៉ុន បានជួយកម្ពុជាជាច្រើន ពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ។ ដោយឡែក នៅខាងជើងភាគខាងលិច រាជធានីភ្នំពេញមិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះលោកស្នើសុំឲ្យបារាំងជួយរាជធានីភ្នំពេញក្នុងការកសាងស្ថានីយ៍ទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់។ ទោះបីជួយជា កម្ចីឬក៏ជាជំនួយឥតសំណងក្តី។

បន្ថែមពីលើនេះផងដែរ លោក ឃួង ស្រេង ក៏បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយសារតែរាជធានីភ្នំពេញមានការកកស្ទះ ចរាចរណ៍រាល់ថ្ងៃ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរាជធានីភ្នំពេញ និងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើស្ថានទូតត្រូវការឱ្យរដ្ឋបាល រាជធានីភ្នំពេញជួយ រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយសម្រួលគ្រប់ការងារដែលស្ថានទូតបារាំងត្រូវការផងដែរ។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បានលើកឡើងពីស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយលោកបញ្ជាក់ថា ប្រទេសកម្ពុជា បានឆ្លងកាត់របបប៉ុលពត ហើយក្រោយឆ្នាំ១៩៧៩ ប្រទេសជាតិស្ថិតនៅចំណុចសូន្យ តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

លោក ហ្សាក់ ប៉ឺឡេ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចំរើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អាគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះតែម្តង។

លោកបន្តថា ប្រទេសកម្ពុជា គឺពិតជាមានការមមាញឹកខ្លាំង ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនាខាងមុខនេះ។ ចំណែកប្រទេសបារាំងក៏ត្រូវបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះ លោកស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយការពារសន្តិសុខនិងសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋរបស់បារាំងនៅភ្នំពេញ ដែលត្រូវបោះឆ្នោតផង។

លោក ហ្សាក់ ប៉ឺឡេ ក៏បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ អោយមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។ បន្ថែមពីនេះលោក បានលើកឡើងពីគម្រោងសិក្សាកសាងនៅរទេះភ្លើងល្បឿន នៅភ្នំពេញផងដែរ ក្រោយពីសិក្សារួច រយៈពេល ១០ ឆ្នាំហើយ៕