(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ បានប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិក-សមាជិកាថ្មី ចំនួន១៨៨នាក់ ក្រោមវត្តមានលោក ម៉ៃ ម៉ុន សមាជិកគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណកម្មាធិការគណបក្សខណ្ឌដង្កោ ដោយមានការចូលរួមពីលោកលោកស្រី អនុប្រធានគណបក្ស និងសមាជិក-សមាជិកាជាច្រើននាក់ទៀត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

លោក ជ គឹមស៊ អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ បានអានសេចក្តីសម្រេចពីការអានស្តីពីការប្រកាសបញ្ចូលសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោទើបចូលថ្មី និងបានឲ្យដឹងថា នេះជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះថាមានតែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះតំណាងសមាជិកថ្មី ដែលទើបប្រកាសបញ្ជូលជាផ្លូវការគណបក្សប្រជាជនកម្ពុជា ក៏បានឡើងប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រគោលនយោបាយយ៉ាងពេញទំហឹងរបស់គណបក្សប្រជាជនកម្ពុជា និងប្តេជ្ញាចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតសកលឆ្នាំ២០២៣ នៅពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានោះលោក ម៉ៃ ម៉ុន បានឲ្យដឹងថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍបច្ចុប្បន្ននេះដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្ស ដែលសម្តេចបានរំដោះជាតិ និងបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ នាំយកនូវសុខសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ គណបក្សប្រជាជនមិនមានការបែងចែកអ្នកថ្មី ឬអ្នកចាស់នោះទេ យើងទទួលយកបងប្អូនមកពីគ្រប់គណបក្សនយោបាយ ដែលចង់ចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ម៉ៃ ម៉ុន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺតែងប្រកាន់ខ្ជាប់នូវការការពារសន្តិភាព ដូច្នេះសូមសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីចូលរួមការពារសន្តិភាពឱ្យបានយូរអង្វែង និងបន្តការអភិវឌ្ឍតទៅមុខទៀត។

លោកប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ប្រទេស រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន មិនត្រឹមតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពការរស់នៅ បានឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ផ្តល់ទាំងស្បៀងអាហារ ថែទាំសុខភាពអ្នកដែលបានឆ្លងជម្ងឺកូវីដ១៩ក្នុងសហគមន៍។

ជាមួយគ្នានោះសម្តេចតេជោ ក៏បានជម្រុញដល់មន្រ្តីសុខាភិបាល និងកងទ័ព បង្កើនល្បឿនក្នុងការយកវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ទៅដាក់ជូនប្រជាពលរដ្ធដល់ក្នុងមូលដ្ឋានដោយឥតគិតថ្លៃ រួមទាំងជនបរទេសផងដែរ ឱ្យតែនៅក្នុងប្រទេសកម្ពុជា តាំងពីដូសទី១រហូតដល់ឆ្នាំ២០២២នេះ បានរហូតដល់ដូសទី៤ ស្របតាមការវិវិត្តនៃជម្ងឺកូវីដ១៩។

ក្នុងនោះប្រជាពលរដ្ធខ្មែរទូទាំងប្រទេស រួមទាំងជនបរទេស ក៏បានទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងកិច្ចគាំពារសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាជោគជ័យដ៏ធំធេង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ៕