(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺន «ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២» ដែលមានរយៈពេល១ខែ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

លោកវរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលផែនហ្វឹកហ្វឺន បានឲ្យដឹងថា មេរៀនដែលយោធាចារ្យយកមកធ្វើការហ្វឹកហាត់មានដូចជា មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជា ការប្រើប្រាស់ដំបង ខែល និងអាវុធរក្សាសណ្ដាប់ធ្នាប់ ដើម្បីការពារបាតុកម្មជាដើម។

បន្ថែមពីនោះគឺ រៀនទ្រឹស្ដី ស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានកោតសរសើរ និងអរគុណដល់កងកម្លាំងជាសិក្ខាកាម ដែលបានវគ្គហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈរយៈពេលពេញ១ ខែកន្លងមកនេះ។ លោកមេបញ្ជាការ បានបញ្ជាក់ថា ក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខ ជូនជាតិមាតុភូមិ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អ។ កងទ័ពត្រូវរួមចិត្តថ្លេីមគ្នា ដេីម្បីសម្រេចនូវកិច្ចការការពារសន្តិសុខជូនជាតិមាតុភូមិ ក្នុងស្មារតីនេះសូមគ្រប់កងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វេីឲ្យបាន។

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានសង្កត់ធ្ងន់ថា ភាពរឹងមាំរបស់កងកម្លាំង គឺកេីតចេញពីការរួបរួមគ្នា សាមគ្គី សហការគ្នាយល់ពីតួនាទី ភារកិច្ចរបស់ខ្លួន ដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រីយុត្តិធម៌ ទៅប្រព្រឹត្តនូវអំពេីរដែលផ្ទុយនឹងច្បាប់នោះទេ។ បេីមានមន្ត្រីយុត្តិធម៌ណាប្រព្រឹត្តខុសនឹងច្បាប់ អង្គភាព គឺមិនការពារឡេីយ ហើយត្រូវអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថា ក្នុងពិធីបិទវគ្គ «ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២» ក៏មានការសម្តែងនូវមេរៀនសំខាន់ៗ ចំនួន៤មេរៀន ដូចជា៖ ទី១៖ ថ្នាក់កងអនុសេនាធំធ្វេីការរុញច្រានក្រុមបាតុករ និងវាយលុកក្រុមបាតុករ ចាប់យកមេក្លោងបាតុករ, ទី២៖ សម្ភារៈចាប់ជនបង្ក មានកាំបិត និងដំបង, ទី៣៖ អាវុធហត្ថជិះម៉ូតូដេញចាប់ជនសង្ស័យ និងទី៤៖ បង្ហាញក្បាច់គុណផងដែរ៕