(ព្រះវិហារ)៖ គ្រួសារយុទ្ធជនកម្ពុជាក្រីក្រនៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ចំនួន ១០០គ្រួសារ រស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានក្តីសង្ឃឹមថាជីវភាពគ្រួសាររីកចម្រើន ក្រោយទទួលបានប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ពី កាកបាទក្រហមកម្ពុជា។

ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅដល់គ្រួសារយុទ្ធជនកម្ពុជាក្រីក្រនៅតាមព្រំដែន និងកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីនរបស់ប្រជាពលរដ្ឋក្រីក្រផងនោះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ របស់ កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារយុទ្ធជនកម្ពុជាក្រីក្រ និងប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ចំនួន១០០គ្រួសារ (គ្រួសារនីមួយៗទទួលបានថវិកា១លានរៀល) រស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្រាប់យកទៅប្រកបមុខរបរ បង្កបង្កើនផល ពង្រីកអាជីវកម្មខ្នាតតូច និងចិញ្ចឹមសត្វ។

ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់ប្រាក់កម្ចីនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត ជាពិសេសការគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍរីកចម្រើនរុងរឿងបន្តទៅមុខទៀត ហើយក៏សូមលើកទឹកចិត្ត ដល់គ្រួសារទទួលផលទាំងអស់ ឱ្យបន្តខិតខំពង្រីកមុខរបរ បង្កបង្កើនផល ឬចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ជៀសវាងការប្រកបរបរចូលព្រៃដូចមុន ដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម។

ទន្ទឹមនឹងនេះ លោកស្រីបានថ្លែងដោយមោទនភាពចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន ថែមទាំងដូសជំរុញ ទី៣ និងទី៤ រួមជាមួយការអនុវត្តវិធានការការពារ និងការរក្សាអនាម័យ យ៉ាងល្អខ្ជាប់ខ្ជួន ដែលនេះគឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហើយបើកឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។

ជាមួយគ្នានេះ លោកស្រីបានអំពាវដល់ស្ត្រីជាមាតា ស្ត្រីមានផ្ទៃពោះទាំងអស់អញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិចឱ្យបាន៤ដង ដើម្បីដឹងពីស្ថានភាពសុខភាពទាំងម្តាយ និងទារក និងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារកផងដែរ។

ទន្ទឹមនឹងនោះ គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ និងសូមប្តេជ្ញា ខិតខំពង្រីកមុខរបរ ដើម្បីរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍនភាព ដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជាបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ១,៥២២គ្រួសារ (ក្នុងនោះ គ្រួសារពិការ ២៩០គ្រួសារ) ដែលរស់នៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនជីវភាពរស់នៅឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ កាត់សក់ លាងម៉ូតូ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ និងជួសជុលកង់ម៉ូតូ។ល។

គួររម្លឹកថា បច្ចុប្បន្ននេះប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន១២ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកណ្តាល៕