(វ៉ាស៊ីនតោន)៖ កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៨, អ្នកសារព័ត៌មានអ៉ីរ៉ាក់ម្នាក់មានឈ្មោះថា មុនតាដា អាល់ហ្សៃឌី (Muntadhar Al Zaidi) បានយកស្បែកជើងគប់ដាក់ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស កំលុងធ្វើសន្និសីទសារព័ត៌មានជាមួយអតីតនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក នូរី អាល់-ម៉ាលីគី (Nouri al-Maliki) ក្នុងទីក្រុងបាកដាដ។ លោក ហ្សៃឌី ត្រូវបានតុលាការអ៉ីរ៉ាក់ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ហើយក្រោយមកបន្ធូរបន្ថយមកនៅត្រឹម១ឆ្នាំ និងនៅទីបំផុត រូបលោកអនុវត្តទោសជាប់ពន្ធនាគារ ៩ខែ ពីបទ «បំពារបំពាន» ប្រឆាំងនឹងមេដឹកនាំបរទេស។

ប៉ុន្តែ «ប្រសិនបើសន្និសីទសារព័ត៌មាននោះ ធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោន ហើយអ្នកដែលត្រូវគេយកស្បែកជើងគប់ដាក់នោះ មិនមែនជាលោក ប៊ូស តែជាលោក នូរី អាល់-ម៉ាលីគី នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់វិញ ថាតើអ្នកដែលយកស្បែកជើងគប់ «មេដឹកនាំបរទេស» នៅលើទឹកដីអាមេរិក អាចនឹងប្រឈមមុខជាប់ពន្ធនាគារដូចជាលោក អាល់ហ្សៃឌី ដែរឬក៏យ៉ាងណា?

ចម្លើយគឺសាមញ្ញបំផុត «ច្បាស់ណាស់ វាអាចទៅរួចបើសហរដ្ឋអាមេរិក មិនហៅទង្វើបែបនេះជាសេរីភាពបញ្ចេញមតិ» ពីព្រោះថាប្រទេសនានានៅជុំវិញពិភពលោក រាប់ទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ាក់ សុទ្ធតែមានច្បាប់ដែលមានចែងពីការផ្ដល់កិច្ចគាំពារពិសេសដល់ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល, រដ្ឋមន្ត្រីការបរទេស, អគ្គរដ្ឋទូត ភ្ញៀវផ្លូវការអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់ដទៃទៀត រួមទាំងគ្រួសារសាច់ញាតិរបស់ពួកគេជាដើម។

ជាក់ស្ដែង ច្បាប់មាត្រាទី១៨, ផ្នែកទី១១២ នៃក្រមរបស់សហរដ្ឋអាមេរិក ស្ដីពីការការពារមនុស្សសំខាន់ៗទាំងនេះ បានចែងយ៉ាងច្បាស់ថា «ជនណាដែលបំពារបំពាន ដោយចេតនា, វាយប្រហារ, បង្ករបួសស្នាម, បង្ខាំង ឬប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងមនុស្សណាម្នាក់ នៅក្នុងចំណោមអ្នកដែលបានរៀបរាប់នៅក្នុងច្បាប់នេះ អាចនឹងត្រូវ ជាប់ពិន័យប្រាក់ ឬជាប់ពន្ធនាគារអតិបរមារហូតដល់ ៣ឆ្នាំ ឬក៏ជាប់ពន្ធនាគារផង និងពិន័យប្រាក់ផង។ «ពាក្យបំពារបំពាន» នៅក្រោមច្បាប់ «Common law» មិនមែន គ្របដណ្ដប់ត្រឹមតែទៅលើការប៉ុនប៉ងបង្ក «ព្យសនកម្ម» (ការធ្វើឲ្យវិនាសអន្តរាយ) ប៉ុណ្ណោះទេ ប៉ុន្តែការធ្វើឱ្យនរណាម្នាក់ស្ថិតនៅក្រោមស្ថានភាពភ័យខ្លាចនៃព្យសនកម្ម ដូចជាការគប់ស្បែកជើងនេះ ក៏អាចរាប់បញ្ចូលជាបទល្មើសផងដែរ។

បានន័យថាទោះជាគណៈវិនិច្ឆ័យ ឬចៅក្រម យល់ ឬក៏សម្រេចថាការគប់ស្បែកជើងនេះមិនឈានដល់កម្រិតនៃការបំពារបំពានក៏ដោយ តែពួកគេអាចដាក់ពិរុទ្ធភាពលើ ជនប្រព្រឹត្តនោះពីបទគំរាមកំហែង ឬបៀតបៀនលើមន្ត្រីបរទេសម្នាក់ ឬបង្កឧបសគ្គដល់អាជ្ញាធរក្នុងការអនុវត្តតួនាទីរបស់ពួកគេ ហើយបទល្មើសនេះអាចឱ្យជនត្រូវចោទ ជាប់ពន្ធនាគារមិនលើសពី ៦ខែ ឬអាចត្រូវពិន័យជាប្រាក់។ ដោយឡែក, ការយកស្បែកជើងគប់លើប្រធានាធិបតីអាមេរិក, អនុប្រធានាធិបតី, ឬប្រធានាធិបតីជាប់ឆ្នោត នៅលើទឹកដីអាមេរិកផ្ទាល់, ជនល្មើសអាចនឹងប្រឈមមុខទោសធ្ងន់ធ្ងរបំផុត មិនថាស្បែកជើងនោះជាម៉ាកថ្លៃ ឬថោកនោះទេ។

ពោលគឺ បើចៅក្រមយល់ ឬចាត់ទុកថាទង្វើនោះជា «ការបំពារបំពានដោយចេតនា» នោះជនល្មើសអាចនឹងប្រឈមមុខជាប់ពន្ធនាគារដល់ទៅ ១០ឆ្នាំ ហើយប្រសិនបើ ការវាយប្រហារនោះ ធ្វើឡើងក្នុងគោលបំណងបំភិតបំភ័យ ឬគំរាមកំហែងវិញ នោះជនល្មើសអាចនឹងជាប់ពន្ធនាគារ៥ឆ្នាំ។

តែទោះជាបែបនេះក្ដី នៅក្នុងករណីដ៏កម្រខ្លះ ជនដែលប្រព្រឹត្តទង្វើដូចដែលបានរៀបរាប់ខាងលើ ក៏អាចរួចផុតពីការចោទប្រកាន់ផងដែរ។ នោះគឺវាអាស្រ័យលើរដ្ឋអាជ្ញាសហព័ន្ធ ដ្បិតបទល្មើសបំពារបំពាន, ការបៀតបៀន ឬក៏គំរាមកំហែងលើប្រធានាធិបតីអាមេរិក ឬមេដឹកនាំបរទេសត្រូវបានគ្របដណ្ដប់ដោយច្បាប់ សហព័ន្ធអាមេរិក។ ជាទូទៅ, កងការពារ សម្ងាត់ (Secret Service) ឬមន្ត្រីអនុវត្តច្បាប់នឹងចាប់ខ្លួនជនប្រព្រឹត្តបទល្មើស ប៉ុន្តែករណីខ្លះក៏អាចនឹងត្រូវបានចាត់ទុកថា មិនមានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ក្នុង ការចោទប្រកាន់ដែរ។ នោះគឺប្រសិនបើ, រដ្ឋអាជ្ញាអាមេរិកបដិសេធមិនធ្វើការចោទប្រកាន់, នោះប្រធានាធិបតី ឬមេដឹកនាំបរទេស អាចធ្វើដូចពលរដ្ឋធម្មតាទូទៅ គឺដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីប្រឆាំងនឹងជនគប់ស្បែកជើង។ នៅក្នុងករណីនេះ ចុងចោទអាចនឹងត្រូវបង់សំណងខូចខាតដល់ដើមបណ្ដឹង។

គួរបញ្ជាក់ថា មិនមានតែសហរដ្ឋអាមេរិក និងអ៉ីរ៉ាក់ទេ ដែលបានផ្ដល់ការការពារពិសេសដល់មន្ត្រីបរទេស ហើយវាគឺជាគោលការណ៍ទូទៅដែលមន្ត្រីទូត ឬមន្ត្រីបរទេស ត្រូវទទួលបានការការពារពីរដ្ឋជាម្ចាស់ផ្ទះ។ ជាឧទាហរណ៍ ក្នុងឆ្នាំ១៧៨៤, អគ្គស្ថានកុងស៊ុលបារាំងម្នាក់ប្រចាំសហរដ្ឋអាមេរិក ត្រូវបានគេវាយនឹងដំបងនៅឯគេហដ្ឋាន ក្នុងរដ្ឋ Pennsylvania។ នៅពេលនោះ តុលាការអាមេរិកបានរកឃើញថាក្នុងនាមជាមន្ត្រីសាធារណៈ អគ្គស្ថានកុងស៊ុលបារាំងគឺជា «សន្តបុគ្គល និងបុគ្គលមិនអាចបំពានបាន» រីឯជនល្មើសបានបំពានលើច្បាប់ជាតិទាំងមូល មិនមែនត្រឹមតែច្បាប់នៃរដ្ឋ Pennsylvania ឬសហរដ្ឋអាមេរិកនោះទេ។

ចុងក្រោយបំផុត, អនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីការបង្ការ និងការដាក់ទោសលើបទឧក្រិដ្ឋប្រឆាំង នឹងបុគ្គលដែលទទួលបានការពារជាអន្តរជាតិ (មានដូចជា ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល, រដ្ឋមន្ត្រីការបរទេស, អគ្គរដ្ឋទូត, ភ្ញៀវផ្លូវការអន្តរជាតិ រួមទាំងគ្រួសារសាច់ញាតិរបស់ពួកគេជាដើម) ដែលបានចូលជាធរមានកាលពីឆ្នាំ១៩៧៧ បានចែងថា ប្រទេសជាហត្ថលេខី មានកាតព្វកិច្ចផ្ដល់ការគាំពារពិសេសដល់ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលបរទេស ឬក៏តំណាងផ្លូវការនៃរដ្ឋាភិបាលបរទេស ហើយពួកគេក៏ត្រូវយកចិត្តទុកដាក់ផងដែរ ចំពោះ «លក្ខណៈធ្ងន់ធ្ងរ» នៃការគំរាមកំហែង ឬការវាយប្រហារប្រឆាំងមនុស្សសំខាន់ៗទាំងនោះ នៅពេលដែលសម្រេចដាក់ទណ្ឌកម្ម៕