(ភ្នំពេញ)៖ លោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានអះអាងថា គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ នឹងតភ្ជាប់មកកម្ពុជា ខាងមុខនេះ។ លោក នរិន្ត្រា ម៉ូឌី បានលើកឡើងបែបនេះ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះសម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ។

ចំណែក លោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជាផងដែរ។ លោកបានបន្ថែមថា នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។

លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់បន្ថែមថា ឥណ្ឌានឹងផ្ដល់នូវឥណទានចំនួន១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលប្រទេសឥណ្ឌា បានផ្ដល់ឱ្យកម្ពុជា តាមរយៈគម្រោងទទួលផលឆាប់​រហ័សក្រោម​គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌ ដូច្នេះ​សម្ដេចតេជោ ស្នើសុំឱ្យឥណ្ឌា បន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផលរបស់កម្ពុជាបន្ថែមទៀត ដល់បណ្ដាឆ្នាំខាងមុខ ។

សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ឥណ្ឌាចំនួន ១លានដុល្លារដល់អាស៊ាន ឆ្លើយតបជាមួយនឹងការរីករាលដាលជំងឺកូវីដ១៩ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់ឥណ្ឌា ឲ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាលសាធារណៈជាតិរបស់កម្ពុជា ជាពិសេសការកសាងសមត្ថភាព អ្នកជំនាញសុខាភិបាល៕