(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ព្រមទាំងសមាជិក-សមាជិកយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ សម្ដែងការថ្លែងអំណរគុណចំពោះ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះអាជីវករ ពាណិជ្ជករ វិនិយោគិន អ្នកប្រកបមុខរបរ-ការងារ និងប្រជាពលរដ្ឋ។

ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រកាសបញ្ចូលសមាជិកសកម្មសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នៅភោជនីយដ្ឋាន Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

លោក ឡី សុភាព បានថ្លែងយ៉ាងដូច្នេះថា «លោកអភិបាល ឃួង ស្រេង និងមន្ទីរ-អង្គភាពជំនាញ ជាពិសេសច្រកចេញចូលតែមួយ បានបង្កលក្ខណៈគ្រប់ជ្រុងជ្រោយដល់មូលដ្ឋានអាជីវកម្មទាំងអស់នៅរាជធានីភ្នំពេញ»

ដូច្នេះហើយតាងនាមថ្នាក់ដឹកនាំ សមាជិក-សមាជិកយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះលោកអភិបាល ឃួង ស្រេង និងមន្ទីរ-អង្គភាពជំនាញ ដែលតែងតែយកចិត្តទុកដាក់ចំពោះអាជីវករ ពាណិជ្ជករ វិនិយោគិន អ្នកប្រកបមុខរបរ-ការងារនានា ព្រមទាំងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ។

លោកក៏បានសម្ដែងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ និងបានអនុគ្រោះដល់ប្រជាជនអាចប្រកបមុខរបរ ការងារដោយភាពសុខសាន្ត រីកចម្រើនលូតលាស់។

លោកប្រធាន ឡី សុភាព ថ្នាក់ដឹកនាំ សមាជិក-សមាជិកយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញបានប្រកាសបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគតផងដែរ៕