(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមុខកំពូល ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រាស់ប្រាស់ជាផ្លូវការ នូវសមិទ្ធផលជាច្រើន និងបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែប្រវែង ៣៣៧០ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តាមរយៈក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមុខកំពូល ជូនបងប្អូនប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមិទ្ធផលជាច្រើន ដែលត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមមាន៖

*អគារសិក្សាចំនួន ០៣ខ្នង ស្មើនឹង ២៦បន្ទប់
*ផ្លូវបេតុងចំនួន ១៨ ខ្សែ ប្រវែងសរុប ៨៣៩០ម៉ែត្រ
*លូមូលចំនួន ០៤ ខ្សែ ប្រវែងសរុប ១៨០០ម៉ែត្រ
*ផ្លូវក្រាលដីស ១ខ្សែ ប្រវែង ៥០០ម៉ែត្រ
*ស្ថាបនាច្រាំងទន្លេ ស្ថិតនៅមុខវត្តរតនៈបុប្ផារាម ហៅវត្តព្រែកអញ្ចាញ។

លោក វង្សី វិស្សុត បានលើកឡើងថា សមិទ្ធផលជាច្រើន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ នឹងជួយធ្វើឱ្យឃុំព្រែកអញ្ចាញ កាន់តែមានការអភិវឌ្ឍន៍រីកច្រើនឡើងថែមទៀត។ លោកបានបន្តថា សមិទ្ធផលនានាដែល ឃុំព្រែកអញ្ចាញ ក៏ដូចជាស្រុកមុខកំពូល របស់យើងទាំងមូលទទួលបានជាបន្តបន្ទាប់នៅក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ បានជួយកែប្រែមុខមាត់ស្រុកមុខកំពូល របស់យើងឱ្យក្លាយជាតំបន់ អភិវឌ្ឍន៍មួយដ៏រស់រវើក និយាយជារួម និងនិយាយដោយឡែក គឺឃុំព្រែកអញ្ចាញរបស់យើងបានក្លាយជាទីប្រជុំជន ដ៏ធំមួយរបស់ស្រុកមុខកំពូល ហើយតំបន់នេះ មានសក្តានុពល នឹងក្លាយជាទីក្រុងដ៏ស្រស់បំព្រងមួយនាពេលអនាគត។ បច្ចុប្បន្នបងប្អូន ប្រជាពលរដ្ឋមានផ្លូវកៅស៊ូ ផ្លូវបេតុងខ្វាត់ខ្វែង មានទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់ ជាពិសេសមានជីវភាពធូរធាជាងមុន ដែលឆ្លុះបញ្ចាំងតាមការស្លៀកពាក់ស្អាតបាត និងមានមធ្យោបាយសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនកាន់តែច្រើន និងកាន់តែទំនើបទាន់សម័យជាងមុន។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា សមិទ្ធផលនៃការអភិវឌ្ឍ លើគ្រប់វិស័យ ដែលស្រុកមុខកំពូល នៃខេត្តកណ្តាល របស់យើង ក៏ដូចជានៅក្នុង ក្របខណ្ឌទូទាំង ប្រទេសទទួលបានជាបន្តបន្ទាប់ នាពេលកន្លងមក គឺដោយ សារគុណបុណ្យនៃសន្តិភាព។ ដូចនេះ យើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព និងត្រូវចង់ចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពដល់យើងទាំងអស់គ្នា។

លោកបន្តថា យើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ដែលរកបានមកដោយលំបាកឱ្យគង់វង្ស ហើយឱ្យតែមានសន្តិភាព កម្ពុជានៅតែអាចបន្ត អភិវឌ្ឍរីកចម្រើនទៅមុខពីមួយឆ្នាំទៅឆ្នាំ។ យើងទាំងអស់គ្នា មានកាត្វកិច្ចចូលរួម ថែរក្សា ការពារសន្តិភាព ឱ្យបានដាច់ខាត ដើម្បីអនាគតកូនចៅ យើងជំនាន់ក្រោយ និងដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅកាន់អនាគតមួយដ៏រុងរឿង និងភ្លឺស្វាង ដូចបណ្តាប្រទេសជឿនលឿនានា។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរ អំពីជោគជ័យដ៏ត្រចះត្រចង់ ដែលកម្ពុជាសម្រេចបាន នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ពិតណាស់ថា ពិភពលោកកំពុង បន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយសង្គ្រាមប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នៅកម្ពុជា ក៏នៅមិនទាន់ចប់នៅឡើយដែរ ក៏ប៉ុន្តែដោយសារកម្ពុជា គ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ បានល្អប្រសើរ ជាពិសេសការសម្រេច បាននូវភាពស៊ាំក្នុងសហគមន៍ ក្នុងកម្រិតមួយដ៏ខ្ពស់ បានធ្វើឱ្យកម្ពុជាអាច បើកប្រទេស និងដំណើរការសេដ្ឋកិច្ច ពេញលេញឡើងវិញ។ ភាពជោគជ័យរបស់កម្ពុជា នៅក្នុងសង្រ្គាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ចៀសកម្ពុជា ឱ្យរួចផុតពីជ្រលង នៃជ្រោះមរណៈ និងពីគ្រោះមហន្តរាយផ្នែកសេដ្ឋកិច្ច និងសង្គម។

លោកបានបន្តថា លទ្ធផលនេះ បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះកម្ពុជា ព្រោះគេគិតថាកម្ពុជា យើងជាប្រទេសក្រ មិនមានធនធានគ្រប់គ្រាន់ ហើយប្រព័ន្ធសុខាភិបាលនៅទន់ខ្សោយ។

លោកគូសបញ្ជាក់ថា ជោគជ័យធ៏ធំធេងនេះ គឺមិនមែនបានមកដោយចៃដន្យទេ តែនេះកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងប្រាកដនិយម ក្នុងស្មារតីបុរេសកម្មរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខ នៃរាជរដ្ឋាភិបាល។ លោកក៏បានលើកឡើងផងដែរ អំពីការរួមចំណែក និងតួនាទី នៅពីខាងក្រោយឆាករបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។

លោកបានបន្តថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់សក្កិសម ជាអ្នកដឹកនាំបន្តវេនរបស់កម្ពុជា ហើយលោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាក្តីសង្ឈឹមសម្រាប់ប្រជាជនកម្ពុជា ក្នុងការបន្តថែរក្សា នូវសន្តិភាព និងឯកភាពទឹកដី ការបន្តរក្សា ការពារនូវសមិទ្ធផលនានា, ការបន្តកសាងនិងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ព្រមទាំងការបន្តកែទម្រង់ ដើម្បីធ្វើទំនើបកម្មកម្ពុជា ទាំងជាសេដ្ឋកិច្ច, សង្គម និងការគ្រប់គ្រងប្រទេស។

PRIVACY007, [5/19/2022 4:22 PM]
លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ខិតខំផ្តល់សេវាសាធារណៈប្រកប ដោយគុណភាពជូនប្រជាជន និងត្រូវខិតខំកែលំអរចំណុចខ្វះខាតទាំងឡាយ។ លោកបានណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាលូទឹក, បញ្ហាសំរាម និងអនាម័យ, បញ្ហាចរាចរ និងសណ្តាប់ធ្នាប់, បញ្ហាទំនាស់ដីធ្លី និងបន្តពង្រឹង អនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្។

បងប្អូនប្រជាពលរដ្ឋ ស្រុកមុខកំពូល មានទឹកចិត្ត សប្បាយរីករាយ និងសារទរ ចំពោះសមិទ្ធផលនានា ដែលទទួលបានជាបន្តបន្ទាប់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានគិតគូរពីសុខទុក្ខរបស់ប្រជាជន។ បងប្អូនប្រជាពលរដ្ឋស្រុកមុខកំពូល ប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនជនកម្ពុជា និងសូមបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី បន្តវេននាពេលអនាគត៕