(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា វិស័យការពារជាតិ ជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ សំដៅធានាឱ្យបានដាច់ខាត នូវសន្តិភាព ស្ថិរភាពភាពសុខសាន្ត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការរបស់បញ្ជាការដ្ឋាន រថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ នៅខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា ដើម្បីធានាបានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃការបំពេញភារកិច្ចឱ្យបានមុតស្រួច និងលឿនរហ័ស វិស័យការពារ ជាតិ ចាំបាច់ត្រូវបន្តធ្វើទំនើបកម្មជាប់ជាប្រចំា ព្រមជាមួយនឹងទិសដៅច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពឯករាជ្យម្ចាស់ការខ្ពស់ ទាំងលើរចនាសម្ព័ន្ធ ដឹកនាំបញ្ជាការហ្វឹកហ្វឺន និងគ្រឿងបំពាក់ផងដែរ។

បន្ថែមពីនេះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះសំណង់អគារទីបញ្ជាការថ្មីៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងបានអះអាងថា អគារនេះក៏អាចត្រូវបានចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញអំពីការរីកចម្រើនប្រែមុខប្រែមាត់របស់បញ្ជាការដ្ឋាន រថក្រោះកងទ័ពជើងគោក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ហើយចាប់ពីឆ្នាំ២០០២ ក៏បានសម្រេចរៀបចំទីតាំងឈរជើងនៅតំបន់ភ្នំតូច ខេត្តបាត់ដំបង ដោយនៅពេលនោះ ស្ទើរតែគ្មានអ្វីសោះ ព្រោះជាតំបន់ព្រៃរបោះគ្មានហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ឡើយ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា ការបន្តរីកចម្រើនឥតឈប់ឈរនេះ គឺពិតជាបានបង្ហាញឱ្យឃើញអំពីលទ្ធផលជាក់ស្តែងនៃយកចិត្តទុកដាក់ និងការគិតគូររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ ការហ្វឹកហ្វឺនរៀនសូត្រ ការបំពាក់សម្ភារបរិក្ខារផ្សេងៗ ការលើកស្ទួយ ជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ព តាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃជាដើម រហូតយោធិនប្រសិទ្ធនាមថាជា «អគ្គភស្តុភារជាន់ខ្ពស់» ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួនសម្តេចតេជោផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាង នៅក្នុងភ្នក់ភ្លើងសង្គ្រាម។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា នេះក៏បានបង្ហាញពីកម្លាំងសាមគ្គីភាពដ៏រឹងមាំរវាងបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកជាមួយនឹងអគ្គនាយក ដ្ឋានពន្ធដារ និងក្រុមហ៊ុនវឌ្ឍនៈគ្រុប ក្នុងនាមជាអង្គភាពភាពសម្ព័ន្ធមេត្រីភាព និងជាការចូលរួមសម្រេចបាននូវទិសដៅភារកិច្ចស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមានភាតរភាពជិតស្និទ្ធរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ព ដើម្បីពង្រឹងនូវខឿនការពារជាតិទាំងមូលឱ្យកាន់តែរឹងមាំ និងខ្លាំងក្លា។

លោកឧត្តមសេនីយ៍ឯក ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលបានខិតខំរៀបចំ បើកដំណើរការឡើងវិញនូវវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់អង្គភាព ព្រមទាំងផែនការ ហ្វឹកហ្វឺនប្រចាំឆ្នាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមានការអាក់ខានរយៈពេល០២ ឆ្នាំជាប់គ្នា ដោយសារការរីករាលនៃជំងឺកូវីដ-១៩។

លោកបានបន្ថែមថា វគ្គហ្វឹកហ្វឺននេះពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាព នៃសមត្ថភាពក្នុងការបំពេញភារកិច្ច ក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែករបស់ បញ្ជាការដ្ឋានរថក្រោះផងដែរ៕