(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានទទូចឱ្យអាស៊ាន និងប្រទេស BRICS (ប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) ក៏ដូចជាសហគមន៍អន្តរជាតិ ឱ្យខិតខំប្រឹងប្រែងទ្វេដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលធាតុដ៏ចាំបាច់សម្រាប់ការរួបរួមក្នុងការដោះស្រាយបញ្ហានានាកំពុងកើតមានលើពិភពលោក។

ការទទូចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់សម្តេចក្នុងវេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេស (BRICS) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

នៅក្នុងបទអន្តរាគមន៍នេះ សម្តេចតេជោ បានលើកឡើងថា នៅក្នុងបរិបទពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស, មិនច្បាស់លាស់ និងស្មុគស្មាញ គេមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើពិតជាមានបំណងដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «អាស៊ាន និង ប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទំាងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា»។

ដើម្បីដោះស្រាយបញ្ហារបស់ពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានទាមទារឱ្យបន្តយកចិត្តទុកដាក់ឱ្យកាន់ខ្លាំងចំពោះប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា។ លើសពីនេះទៅទៀត មិនគួររារាំងបណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី, ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍ និងគោលបំណងស្នូលដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងបទអន្តរាគមន៍នេះ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីជំហររបស់អាស៊ាន ដើម្បីចូលរួមលើកកម្ពស់ការធ្វើទំនាក់ទំនង និងពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ជាមួយនឹងពិភពលោកផងដែរ។ សម្តេចតេជោ បានលើកឡើងថា អាស៊ាន នឹងខិតប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីកសាងអនាគតភ្លឺស្វាងជាងមុនសម្រាប់អាស៊ី និងពិភពលោក។

ដើម្បីសម្រេចនូវគោលបំណងនេះ អាស៊ាន នឹងបង្កើនការខិតខំប្រឹងប្រែងរបស់ឱ្យបានទ្វេដងលើការពង្រឹងនូវភាពជាកណ្តាល និងភាពធន់របស់អាស៊ាន, ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលយើងបានព្រមព្រៀងគ្នា រួមមានក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការតភ្ជាប់ទាំងរូបវ័ន្ត និងឌីជីថល, សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន។

នៅក្នុងបទអន្តរាគមន៍របស់សម្តេចតេជោ ក៏បានលើកឡើងបញ្ហាពាក់ព័ន្ធជំងឺកូវីដ១៩ផងដែរ។ សម្តេចតេជោ បានលើកឡើងថា ការស្តារឡើងវិញក្រោយវិបិត្តជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ គឺពិតជាមានភាពចាំបាច់ជំរុញនូវកិច្ចសហការឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីធានាថា ដើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។

សម្តេចតេជោ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ប្រទេសចិន ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំប្រឹងប្រែងដើម្បីជួយដល់បណ្តាប្រទេសដែលមានការអភិវឌ្ឍទាប ជាពិសេសបណា្តប្រទេសទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត៕