(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ នៅទីស្នាក់ការគណបក្សខេត្តមណ្ឌលគិរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជូនភ្នាក់ងារគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ម៉ែន ង៉ុយ ប្រធានគណៈប្រចាំការខេត្ត និងបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាអនុប្រធានផ្នែកផែនការយុទ្ធសាស្ត្រនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានភ្នាក់ងារគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តមណ្ឌលគិរីចូលរួមសរុបប្រមាណ ៣០០នាក់។

នៅក្នុងអង្គពិធីនោះ លោក ម៉ែន ង៉ុយ បានបង្ហាញនូវក្តីសប្បាយរីករាយសាទរចំពោះវត្តមានរបស់ក្រុមការងារយុវជនថ្នាក់កណ្តាល ដែលទទួលបានការចាត់តាំងពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីធ្វើឧទ្ទេសនាមជូនដល់ភ្នាក់ងារគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តមណ្ឌលគិរី។

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានធ្វើឧទ្ទេសនាមជូនភ្នាក់ងារគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តមណ្ឌលគិរីទាំង ៣០០នាក់នោះ អំពីសិទ្ធិ និងកាតព្វកិច្ចភ្នាក់ងារគណបក្សនយោបាយ សកម្មភាពនានាដែលគួរនិងមិនគួរធ្វើក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបណ្តឹងប្រកបដោយគុណភាព ព្រមទាំងបទឧទ្ទេសនាម ដើម្បីបំពាក់ស្មារតីយុវជនឱ្យមានភាពវៃឆ្លាត និងប្រកបដោយការទទួលខុសត្រូវលើកិច្ចការងារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

សិក្ខាកាមទាំងអស់បានសម្តែងនូវក្តីរីករាយដែលទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងការចាត់តាំងក្រុមគ្រូឧទ្ទេសនាមមកបណ្តុះបណ្តាលផ្ទាល់នៅមូលដ្ឋានខេត្តមណ្ឌលគីរីនេះ៕