(កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច រួមដំណើរដោយ លោកឧកញ៉ា អែល សារ៉ុម នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បាននាំយកអំណោយសរុបថវិកាប្រមាណ ១០ ០០០ដុល្លា ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រមាណ៥០០គ្រួសារ។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានបញ្ជាក់ថា សមិទ្ធិផលជាច្រើនបានកើតឡើងតាមរយៈលោកឧកញ៉ា ឡូវ ហ៊ឹង និងក្រុមការងារដែលជានិច្ចជាកាល បានចុះ សាកសួរសុខទុក្ខ ឧបត្ថម្ភការកសាងឡើងនូវសមិទ្ធិផលរហូតទទួលបានការកោតសសើរ និងការស្រលាញ់អំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច ហើយនាពេលកន្លង ទៅថ្មី មានសមាជិក៤៥នាក់ បានមកពីគណះបក្សភ្លើងទៀន បានសូមចូលរួមរស់ជាមួយគណបក្សប្រជាជននៅក្នុងឃុំទងត្រឡាចផងដែរ។

លោកឧកញ៉ា ឡូវ ហ៊ឺង បានលើកឡើងថា ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំង ការពារ ទប់ស្កាត់ ពីការឆ្លងរីករាលដាលក្នុងផ្ទៃប្រទេសទាំងមូល ទាំងការអំពាវនាវទិញ ការទទួលជំនួយវ៉ាក់ពីបណ្តាប្រទេសនានា ជាពិសេសវ៉ាក់សាំងពីប្រទេសជាមិត្ត របស់មិត្តចិនទាំងការទិញ និងការផ្តល់នូវជំនួយមនុស្សធម៌វ៉ាក់សាំង ដើម្បីបានចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកឧកញ៉ា ឡូវ ហ៊ឺង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិ និងសហគមន៍ សូមចងចាំ និងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគ និងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាព។

លោកឧកញ៉ា អែល សារ៉ុម បានលើកឡើងដែរថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្កើតសន្តិភាពជូនពលរដ្ឋ ដោយបានរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងរបបដ៏ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ដែលធ្វើឲ្យការវិវឌ្ឍរីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សក្តិសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដី ទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ ។

អំណោយចែកជូនប្រជាពលរដ្ឋរួមមាន៖ សារ៉ុង ថ្នាំពេទ្យ ប្រហុក អំពូលស៊ុលឡា ២៦ដើម ឯកសណ្ឋាន២០កំប្លេ ចំនួន២ភូមិ ឧបត្ថម្ភបបរសាមគ្គី និងអក់កាដង់ចំនួន២ភូមិ ឧបត្ថម្ភអ្នកឈឺ អ្នកស្លាប់ ចងដៃមង្គលការ ឧបត្ថម្ភកម្មវិធី សរុបថវិកាប្រមាណ ១០០០០ដុល្លារ៕