(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២០ ខែឧសភា គឺជាទិវានៃការចងចាំ ព្រោះថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ គឺជាថ្ងៃនៃការ ចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដែលធ្វើឱ្យប្រជាជនខ្មែរប្រមាណជាងបីលាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ផ្សេងទៀតត្រូវបែកបាក់គ្រួសារ ក្លាយជាស្រ្តីមេម៉ាយ ក្មេង កំព្រា និងក្លាយជាជនពិការ ហើយហេដ្ឋរចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីរដល់ឫសគល់។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្លែងក្នុងទិវាចង ចាំថ្ងៃ២០ ឧសភានេះ នៅក្នុងបរិវេណវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ។

សម្តេចបានបន្តថា ក្នុងឱកាសទិវានៃការចងចាំថ្ងៃ២០ ឧសភានេះ សម្តេចសូមរំលឹកគុណចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន អ្នកស្នេហាជាតិ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និង សូមដួងវិញ្ញាណក្ខន្ធជនរួមជាតិខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអាណោចអាធម និងអយុត្តិធម៌បំផុតនៅក្រោមរបបប្រល័យពូជសាសន៍ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ដោយកាលពីព្រឹកមិញនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន និងមន្ត្រីអ្នកមុខ អ្នកការ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបអាវខ្មៅ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩។

សម្តេចបានគូសបញ្ជាក់ថា «ពេលនេះគឺនៅក្នុងកាលៈទេសៈដែលប្រជាជនកម្ពុជា យើងកំពុងរស់នៅក្នុងភាពសុខដុមរមនា មានសិទ្ធិសេរីភាពពេញលេញ សម្បូរសប្បាយ និងពោរពេញទៅដោយមោទនភាពក្រៃលែងចំពោះសមិទ្ធផលទាំងឡាយ ដែលយើងសម្រេចបានក្រោយថ្ងៃប្រវត្តិសាស្ត្រ ជ័យជំនះ ៧មករា»

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងពីគុណតម្លៃនៃសន្តិភាព និងអំពាវនាវដល់ ពលរដ្ឋខ្មែរទូទៅឱ្យចូលរួមថែរក្សាសន្តិភាពជានិច្ចនិរន្តរ៍ ដើម្បីប្តូរមវិញនូវការអភិវឌ្ឍក្រោមម្លប់នៃសុខសន្តិ ភាព ហើយថាបើគ្មានសន្តិភាពទេ កុំថាឡើយការអភិវឌ្ឍ សូម្បីតែការរស់នៅប្រចាំថ្ងៃរបស់យើងក៏គ្មានក្តីសុខផង ដូចដែលយើងទាំងអស់គ្នាបានជួបប្រទះរួចមកហើយនាកំឡុងពេលដែលប្រទេសជាតិរបស់យើង បានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំកន្លងមកនេះ ដែលទំរាំពន្លត់ភ្លើងសង្គ្រាមនេះបាននៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

«ដូច្នេះ ចូរយើងទាំងអស់គ្នា សូមកុំចង់នាំប្រទេស ជាតិឱ្យវិលត្រឡប់ទៅកាន់អតីតកាលដ៏សែនឈឺចាប់ជាថ្មីម្តងទៀតឱ្យសោះ»។ សម្ដេច ហេង សំរិន បានអំពាវនាវបន្ថែម៕