(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធី ទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ថ្នាក់ដឹកនាំ ស្រុក ក្រុង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

ពិធីនេះក៏បាននិមន្តព្រះសង្ឃ សូត្រមន្ត បង្សុកូល ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ជាសកម្មភាពដ៏មានអត្ថន័យយ៉ាងពិតប្រាកដ ដែលបានស្តែងឲ្យឃើញថា ទោះបីជារឿងរ៉ាវនេះបានកន្លងផុតក្នុងអតីតកាល អស់ជាង៤០ឆ្នាំ ហើយក៏ដោយ ប៉ុន្តែជារឿងឈឺចាប់ និងជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង ដែលធ្វើឲ្យបងប្អូនជនរួមជាតិទាំងអស់ពុំអាចបំភ្លេចបានឡើយ ហើយបានចារទុកជាសច្ចៈធម៌ ប្រវិត្តសាស្រ្ត ទោះបីជនរួមជាតិជំនាន់ក្រោយដែលពុំបានឆ្លងកាត់ក៏ដោយ ក៏ពួកគាត់នឹងសិក្សាស្វែងយល់ពីប្រវិត្តសាស្ត្រដ៏មហាជូរចត់នោះ។

លោកថា «ប្រវិត្តសាស្ត្រនេះត្រូវបានទទួលស្គាល់ពាសពេញពិភពលោកតាមរយៈការនាំយកមេដឹកនាំនៃរបបខ្មែរក្រហម មកកាត់ទោសនៅអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជំរះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើង ក្នុងរយៈកាល នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ដែលយើងអាចនិយាយបានថា ការទទួលស្គាល់នេះការជំនុំជំរះនេះ គឺជាផ្នែកមួយនៃការផ្តល់នូវភាពត្រឹមត្រូវជូនរាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិកម្ពុជា និងការផ្សះផ្សារបួសទាំងផ្លូវកាយ និងផ្លូវចិត្តជូនជនរួមជាតិ ដែលបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ»

ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិ្សសានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមការពារសុខសន្តិភាពដែលយើងខំដណ្តើមបានដោយលំបាក ឱ្យនៅស្ថិតស្ថេរ គង់វង្សយូរអង្វែង ដោយមិនឱ្យជនណាឫក្រុមណាមកផ្តួលរំលំបានជាដាច់ខាត។ត្រូវចូលរួមគាំទ្រយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព ពិសេសសូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕