(ភ្នំពេញ)៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨យប់ អតីតបុគ្គលិក Naga World ចំនួន១១០នាក់ ដែលជាក្រុមរបស់ឈឹម ស៊ីថរ បានរៀបចំកិច្ចប្រជុំតាម Zoom ក្នុងគោលបំណងពិភាក្សាបន្តផែនការក្រឡុកសភាពការណ៍ ខណៈដែល ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កំពុងឈានដល់ដំណាក់កាលឃោសនាបោះឆ្នោត។

អតីតបុគ្គលិក២រូប ដែលបានត្រៀមខ្លួនចេញមកទទួលសំណងបញ្ឈប់ពីការងារ ហើយដែលបានចូលរួមប្រជុំតាម Zoom ដែរនោះ បាន បង្ហើបប្រាប់អោយដឹងថា ក្រុមឈឹម ស៊ីថរនេះ គឺធ្វើសកម្មភាពដោយបង្កប់នូវរបៀបវារៈ នយោបាយពីក្រោយខ្នង និងបានដាក់ចេញទិសដៅ ដើម្បីបម្រើឲ្យនយោបាយរបស់ក្រុម ប្រឆាំងរដ្ឋាភិបាល លោក ហ៊ុន សែន ដូចខាងក្រោមនេះ៖

ទី១៖ បន្តធ្វើបាតុកម្មអុកឡុកសភាពការណ៍រាល់ថ្ងៃ
ទី២៖ ស្រែកបរិហារអាជ្ញាធរមានសមត្ថកិច្ចដោយចោទថា បានប្រព្រឹត្តហិង្សាកាន់តែសាហាវពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីទាញចំណេញនយោបាយ តាមទិសដៅដែលដាក់ចេញ ដោយពួកបរទេសដែលនៅ ពីក្រោយខ្នង។
ទី៣៖ រៀបចំឲ្យមានសកម្មភាព ប៉ះពារជាមួយសមត្ថកិច្ចដើម្បីឲ្យគូកនរបស់ខ្លួនថតសកម្មភាពទាំង នោះចែកចាយទៅបណ្តាញ របស់ខ្លួនដើម្បីផ្សាយបង្ខូច ឈ្មោះអាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលបំណងធ្វើឲ្យមហាជនអស់ជំនឿទៅលើអាជ្ញាធរ រដ្ឋាភិបាល។
ទី៤៖ បង្កអោយមានភាព យឺតយ៉ាវនៅពេលសមត្ថកិច្ចអោយឡើងលើឡានដើម្បីដឹកចេញទៅទីលាន ប្រជាធិប្បតេយ្យ និងបង្ក សកម្មភាពប្រទូសរាយជាមួយ អាជ្ញាធរមានសមត្ថកិច្ច បញ្ឆេះឲ្យកើតមានអំពើហិង្សាដើម្បីពួកគេបានថតរូបចែកចាយដើម្បីវាយប្រហារលើសមត្ថកិច្ចដែលគ្រាន់តែជាអ្នករៀបចំ សណ្តាប់ធ្នាប់។
ទី៥៖ ពួកគេបំពាក់បំប៉នស្មារតីគូកនទាំងអស់ថា សាមគ្គីនឹងទទួលបានជោគជ័យ ពោលគឺជោគជ័យក្នុងការអុកឡុក សភាពការណ៍ដើម្បីកេងចំណេញនយោបាយអោយក្រុម ប្រឆាំងជ្រុលនិយមពេលបោះឆ្នោត។ ជាការពិតនរណាៗក៏ដឹងដែរថា ក្រុមអតីតបុគ្គលិកណាហ្គាវើល មួយក្តាប់តូចនេះដឹកនាំដោយអតីតមេសហជីពអស់សុពលភាពឈ្មោះ ឈឹម ស៊ីថរ បានរៀបចំផែនការទុកជាមុនជាយូរខែមកហើយ ដើម្បីអូសបន្លាយសភាពការណ៍របស់ខ្លួន ដល់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

ក្រុមនេះដែរ ក៏ជាកូនអុករបស់បរទេស និងក្រុមប្រឆាំងជ្រុលនិយមបានធ្វើសកម្មភាពដែល មិនសមទំនងនិងខុសច្បាប់ការងារ។ តាមពិតវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើល ត្រូវបានដោះស្រាយតាមនីតិវិធីច្បាប់ ទាំងស្រុងដោយមានការ សម្របសម្រួលពីក្រសួង ការងារផង និងពីក្រុមប្រឹក្សា អាជ្ញាកណ្តាលផង។

បុគ្គលិក និយោជិតភាគច្រើនបំផុត បានទទួលយកការដោះស្រាយជាបន្តបន្ទាប់និងសឹងតែជារៀងរាល់ថ្ងៃ តាមរយៈការទូទាត់សំណងតាមច្បាប់ដ៏ត្រឹមត្រូវ។ ប៉ុន្តែ នៅសល់អតីតបុគ្គលិកមួយ មួយក្តាប់តូចនេះ ដែលដឹកនាំដោយមេសហជីពអស់សុពលភាព និងមិនចេះច្បាប់នៅតែបន្តការតវ៉ា ដោយមិនសមទំនងដោយទាមទារបង្ខំឲ្យនិយោជក យកពួកខ្លួនចូលធ្វើការវិញជាចាំបាច់ ខណៈដែលក្រុមហ៊ុនត្រូវកាត់បន្ថយបុគ្គលិក ដោយសារតែវិបត្តិកូវីដ១៩។

តើមានថៅកែណានៅលើលោក នេះសុខចិត្តទុកឲ្យក្រុមហ៊ុនដួលរលំដោយមិនចាត់វិធានការ ចាំបាច់ដើម្បីទប់ទល់ និងសង្គ្រោះ? តើមានសហជីព ឬបុគ្គលិក និយោជិតណាមានសិទ្ធិចាប់បង្ខំឲ្យនិយោជកទទួលយកខ្លួនឲ្យធ្វើការរហូតអស់មួយជីវិត?

ទាំងនេះគឺជាសំណួរដ៏សាមញ្ញៗ បំផុតដែលមនុស្សនៅក្នុងពិភពការងារសុទ្ធតែបានយល់ដឹងគ្រប់គ្នា។ ប៉ុន្តែ ចម្លែកអ្វីតែក្រុមមនុស្សមួយក្តាប់តូចនេះបែរជាធ្វើគរធ្វើថ្លង់មិនដឹងមិនលឺអំពី បញ្ហាផ្លូវច្បាប់ហើយនៅ បន្តទាមទារនូវអ្វីដែលពួកគេអះអាងថា ជាការទាមទារសិទ្ធិ ការងារ។ បើនិយាយអំពីសិទ្ធិការងារ គេក៏ត្រូវគិតពីសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគដែរ ពោលគឺសិទ្ធិដែលគ្មាននរណាមកបំពាន និងបង្ខំបានឡើយ។ ប្រសិនបើនិយោជក រំលោភបំពានលើបុគ្គលិក និយោជិត សហជីពមានសិទ្ធិតវ៉ា និងការពារតាមផ្លូវច្បាប់។

ចំណែកនិយោជកក៏មានសិទ្ធិ ការពារខ្លួនតាមផ្លូវច្បាប់ពីការបង្ខិតបង្ខំរបស់និយោជិតវិញដែរ។ នេះគឺជាក្រឹត្យក្រមការងារ។ ប៉ុន្តែដោយសារតែបំរើអោយរបៀបវារៈនយោបាយ ក្រុមអតីតបុគ្គលិកណាហ្គាវើលមួយក្តាប់តូចនេះ នៅតែបន្តក្រឡុកសភាពការណ៍ រហូតដល់បច្ចុប្បន្នក្រោមការចិញ្ចឹមបីបាច់ របស់បរទេសនិងអ្នកនយោបាយជ្រុលនិយមនៅពីក្រោយខ្នង។ គោលដៅចម្បងរបស់ពួកគេ គឺការអុកឡុកពេលបោះឆ្នោតនេះឯង។ ឥឡូវនេះ ដំណាក់កាលឃោសនាបោះឆ្នោតបានឈានមកដល់ហើយ នេះគឺជាដំណាក់កាលដ៏សំខាន់របស់ក្រុមនេះ។

ដូច្នេះ ពីថ្ងៃនេះតទៅ ពួកគេនឹងបង្កបញ្ហាឥតឈប់ឈរ និងកាន់តែធ្ងន់ធ្ងរជាមួយអាជ្ញាធរ មានសមត្ថកិច្ចដើម្បីបញ្ឆេះបញ្ហាឲ្យក្តៅគគុកឡើងក្នុងគោលបំណងថតយកសកម្មភាពទាំងអស់ទៅផ្សព្វផ្សាយបង្ខូចឈ្មោះរបស់ អាជ្ញាធររាជរដ្ឋាភិបាល ជាពិសេសគឺដើម្បីបង្ខូចឈ្មោះរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតផង និងពេលដែលកម្ពុជាកំពុងធ្វើប្រធានប្តូរវេន របស់អាស៊ានផង។ នេះគឺជា យុទ្ធសាស្ត្រព្រួញមួយបាញ់ បានសត្វពីរ។ ប៉ុន្តែ ព្រួញដ៏ពិសពុលរបស់ ក្រុមនេះទំនងជាត្រូវបាញ់ចំខ្លួនឯងទៅវិញទេ ពីព្រោះគ្រប់គ្នាសុទ្ធតែបានយល់អំពី គោលបំណងរបស់អតីតបុគ្គលិកណាហ្គាវើលមួយក្រុមនេះអស់ទៅហើយ ជាពិសេសមេដឹកនាំសហជីពដែលអស់សុពលភាព នៅក្រុមហ៊ុនណាហ្គាវើល ដែលគេស្គាល់យ៉ាងច្បាស់តាមរយៈសកម្មភាពយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឆាំងជ្រុលនិយម។

ដូច្នេះ «ចំណាត់ការចាំបាច់នានាគួរត្រូវបានប្រកាន់យកដើម្បីបញ្ឈប់វិវាទការងារក្លែងក្លាយដើម្បីបិទបាំងរបៀបវារៈនយោបាយរបស់មនុស្ស មួយក្រុមនេះ៕

ដោយ៖ អ្នកនយោបាយ តុកាហ្វេ