(តាកែវ)៖ នៅមណ្ឌលឧក្រិដ្ឋកម្មក្រាំងតាចាន់ ស្ថិតក្នុងឃុំគុស ស្រុកត្រាំកក់ នាព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងសមាជិក ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមរៀបចំពិធីបង្សុកូល ឧទ្ទិសកុសលគោរពជូនដល់ដួងវិញ្ញាណក្ខន្ធវីវយុទ្ធជន វីរយុទ្ធនារី នាឱកាសប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាការរំលឹកនូវគុណូបការៈរបស់ឥស្សរៈជនស្នេហាជាតិ ដោយបានពលី បូជាអាយុជីវិត រំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ខ្មៅងងឹត យង់ឃ្នង ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

នៅក្នុងអង្គពិធីនាឱកាសនោះដែរ លោក អ៊ូច ភា បានឱ្យដឹងថា ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជា នៅតែចងចាំទុក មិនអាចបំភ្លេចបានឡើយ នូវសម័យកាលខ្មៅងងឹត យង់ឃ្នង ដូចជាឋាននរក ដែលបានកើតឡើង នៅលើទឹកដី នៃមាតុភូមិកម្ពុជា នោះគឺរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍។

លោកអភិបាលខេត្តបានបន្ថែមថា ការជួបជុំគ្នានៅទីនេះ គឺដើម្បីរម្លឹកនូវគុណូបការៈ របស់បញ្ញវ័ន្ត អ្នកស្នេហាជាតិ និងប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណរបស់ លោកអ្នកទាំងនោះ នៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស៕