(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៥ ដល់ប្រជាពលរដ្ឋខ្មែរ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២តទៅ សម្រាប់អ្នកដែលបានចាក់ដូសទី៤ រួចហើយ ដែលមានគម្លាតរយៈពេល៣ខែ។

តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលបានចាក់ដូសទី៤ រួចហើយកន្លងមកនៅក្នុងប្រទេសកម្ពុជា មានដូចជា មន្រ្តីរាជការ អ្នកការទូត អ្នកសារព័ត៌មាន និងសិល្បករសិល្បការិនីជាដើម។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តរក្សានូវស្ថានភាពដ៏ល្អប្រសើរនេះ តាមរយៈការការពារខ្លួន ចំពោះមុខជំងឺកូវីដ១៩ ដែលមិនទាន់បានបញ្ចប់ និងទទួលយកវ៉ាក់សាំង។ សម្តេចក៏អំពាវនាវឱ្យជនរួមជាតិ ដែលទទួលបានដូសទី២ហើយ បន្តចាក់ដូសទី៣។

គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកម្ពុជា នឹងផ្តល់នូវព័ត៌មានលម្អិតទាក់ទងនឹងទីកន្លែងដែលត្រូវចាក់ វ៉ាក់សាំងដូសទី៥ ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកការទូត បុគ្គលិកអង្គការសហប្រជាជាតិ អ្នកសារព័ត៌មាន និងសិល្បករផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជម្រើសតែមួយគត់ដែលល្អជាងគេក្នុងការការពារជីវិតប្រជាជន គឺវ៉ាក់សាំង ដោយបានការពារការឆ្លងរោគរាតត្បាតនេះ។ សម្តេចក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានចូលរួមសហការប្រយុទ្ធនឹងជំងឺកាចសាហាវនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានគាំទ្រសម្តេច គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបន្តដំណើរឈានទៅមុខ ដើម្បីរក្សានូវសុខសន្តិភាព រក្សាអ្វីដែលកំពុងមាននៅក្នុងដៃមិនឱ្យបាត់បង់។ យើងធ្វើការច្រើនហើយ យើងនឹងបន្តធ្វើទៀត ដើម្បីកូនចៅ។ សម្តេចសង្ឃឹមថា ការគាំទ្រនេះពិតជាមានតម្លៃសម្រាប់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេសនេះ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/93798