(កំពង់ធំ)៖ ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ, លោក ម៉ែន លី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានដឹកនាំសហការី អញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

លោក ម៉ែន លី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរ លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។

លោកបានផ្តាំផ្ញើតាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារសូមបានប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើនមានសុខភាពល្អ សុភមង្គលនិងជោគជ័យគ្រប់ភារកិច្ច។

លោកបានបន្តថា អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតគ្មានដីកម្មសិទ្ធិផ្ទាល់ខ្លួន នឹងមានជម្រកស្នាក់នៅមិនសមនៅខេត្តកំពង់ធំ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភផ្ទះមួយខ្នង ដែលមានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារ មួយហិតាកន្លះ មានអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់ និងផ្លូវលំប្រវែង១២គីឡូម៉ែត្រ ហើយបច្ចុប្បន្ននេះផ្លូវលំត្រូវបានស្ថាបនាជិតរួចរាល់ហើយ នៅឡើយតែការរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅតាមខ្នងផ្ទះរបស់អតីតយុទ្ធជននីមួយៗ។

ដោយបានការឯកភាពពីលោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត តម្រូវឲ្យសម្ព័ន្ធមេត្រីភាពតាមបណ្ដាមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង៩ ដើម្បីជួយគាំទ្រ ឧបត្ថម្ភក្នុងការដាក់ប្រព័ន្ទលូរំដោះទឹកនៅមុខផ្ទះបងប្អូនអតីតយុទ្ធជន និងបានសំណូមពរដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន នៅតាមក្នុងផ្ទះនីមួយៗសម្របសម្រួលសហការជាមួយមន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ដែលជាដៃគូសម្ព័ន្ធមេត្រីភាព ដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅតាមខ្នងផ្ទះនីមួយៗ ឲ្យបានល្អប្រសើរនិងឆាប់រហ័សស្របតាមលក្ខណៈបច្ចេកទេស។

ជាមួយគ្នានេះលោក ម៉ែន លី ជំរុញដល់បងប្អូនអតីតយុទ្ធជនអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ និងបោះឆ្នោតជូនគណបក្សណាដែលនាំប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ និងសូមឲ្យយុវជនជាអ្នកបន្តវេន ថែរក្សាសុខសន្តិភាពដែលមាននេះ និងត្រូវថែទាំសុខភាពរបស់ខ្លួនមានអនាម័យជាប់ជាប្រចាំ៕