(សៀមរាប)៖ លោក សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ នៃគណៈកម្មខេត្តសៀមរាប សម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥

លោក នាក់ ណេរ៉ុន បានលើកឡើងថា ឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ រដ្ឋបាលខេត្តសៀមរាបបានធ្វើការរៀបចំ និងកែសម្រួលនូវសមាសភាពគណៈកម្មការខេត្តសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នេះ ចំនួន២លើករួចមកហើយ ដោយមានកិច្ចសហការរៀបចំ និងគាំទ្រជាបច្ចេកទេសពីក្រុមលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង (គ.អ.ម.ក) ដែលដឹកនាំដោយលោក សោម ចំណាន ប្រធានលេខាធិការដ្ឋានថ្នាក់ជាតិ។ ជាក់ស្តែង ថ្ងៃនេះគណៈកម្មការថ្នាក់ខេត្តបានពិនិត្យ កែសម្រួល និងបានសម្រេចអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល២ឆ្នាំ (២០២២-២០២៣)។

លោកអភិបាលរងបញ្ជាក់បន្ថែមថា ផែនការសកម្មភាពនេះនឹងត្រូវអនុវត្តរួមគ្នាទៅតាមសមត្ថកិច្ចរបស់មន្ទីរ អង្គភាពរៀងខ្លួន និងសហការឱ្យបានជិតស្និទ្ធជាមួយក្រុមការងារលេខាធិការដ្ឋាន ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប។ លោកបានបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយជាតិនេះ រួមគ្នាដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា នៅក្នុងដំណាក់កាលទី៣។

លោក សោម ចំណាន បានសម្តែងនូវអំណរគុណដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប និងក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង(គ.អ.ម.ក) ដែលបានខិតខំកសាងបង្កើតជាសេចក្តីព្រាងផែនការសកម្មភាពនេះឡើង រហូតដល់ទទួលបានអនុម័ត។

លោកអនុរដ្ឋលេខាធិការគូសបញ្ជាក់ថា បើសិនជាផែនការសកម្មភាពនេះអនុវត្តបានជាអតិបរិមាជាការចូលរួមចំណែកសម្រាប់ភាពសុខដុមក្នុងខេត្តសៀមរាប ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។

លោកអនុរដ្ឋលេខាធិការលើកឡើងថា ខេត្តសៀមរាបជាខេត្តដំបូងដែលមានផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ សម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ហើយក៏ចាត់ទុកជាខេត្តគំរូមួយសម្រាប់បណ្តាខេត្ត-រាជធានីទាំង២៤ផ្សេងទៀត យកគំរូតាមដើម្បីពិនិត្យចងក្រងបង្កើតជាផែនការសកម្មភាពសម្រាប់ខេត្តរបស់ខ្លួនផងដែរ។

ចក្ខុវិស័យរបស់គោលនយោបាយនេះគឺផ្ដោតលើការបង្កើនជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធម៌។

ការអនុវត្តគោលនយោបាយនេះនឹងរួមចំណែកលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋប្រកបដោយសមធម៌ សំដៅធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕