(សៀមរាប)៖ សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយយកញញួរវាយជនរងគ្រោះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅចំនុចមុខបន្ទប់ជួល ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌបានលើកឡើងថា ជនសង្ស័យឈ្មោះ JON LEON LOV ភេទប្រុស កើតថ្ងៃទី០៦-១០-១៩៦៥ ជនជាតិអង់គ្លេស គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានធ្វើសកម្មភាពយកញញួរដងជ័រក្បាលដែក វាយទៅលើជនរងគ្រោះជាស្រ្តីខ្មែរមានឈ្មោះ អ៊ុយ សូរិយា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ ចំនួន០៣ញញួរ ដែលបណ្តាលអោយហើមប៉ោង ត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកឯកជនក្បែរនោះ។

ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ ហើយបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បច្ចុប្បន្នជនសង្ស័យត្រូវបាន កញ្ញា វ៉ា សក្កដា ព្រះរាជអាជ្ញា(ស្តីទី) នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់បន្ត ៕