(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏មួយចំនួនតូច បានព្យាយាមរៀបចំឈុតឆាកជាបន្តបន្ទាប់ ជាពិសេសក្នុងអំឡុងពេលប្រជុំ Zoom កាលពីពេលកន្លងមក មានអ្នកចូលរួមប្រមាណជា១០០នាក់ ដែលក្នុងចំណោមអ្នកទាំងនោះ មានអ្នកត្រៀមទទួលយកការដោះស្រាយវិវាទការងារ បានផ្ដល់ព័ត៌មានមកខាងក្រៅថា ក្រុមនេះបាននឹងកំពុងព្យាយាមរៀបចំឈុតឆាកសម្ដែង ដោយមានតួផ្សេងៗគ្នាដូចជា តួកំសត់ តួជនរងគ្រោះ និងអ្នកចាំថតយករូបភាព ដើម្បីបំភ្លៃព័ត៌មាន បំភាន់សាធារណមតិជារៀងរហូតមក។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ ទោះបីក្រុមគេកំពុងរៀបចំឈុតឆាកសម្ដែងថ្មីទៀតមិនទាន់បានសម្រេចក៏ដោយ ក៏អ្នកទាំងនោះឆ្លៀតប្រឌិតព័ត៌មានក្លែងក្លាយ ក្រោមរូបភាពផ្ដល់កិច្ចសម្ភាសដល់ស្ថាប័នសារព័ត៌មាន គ្មានវិជ្ជាជីវៈមួយចំនួនដែលផ្សាយព័ត៌មានមិនពិត ចូលចិត្តលាបពណ៌ ញុះញង់ អុចអាល ដើម្បីបម្រើមហិច្ឆតា នយោបាយអ្នកនៅពីក្រោយខ្នង ដោយបាននិយាយបំផ្លើស ថា អាជ្ញាធរមានសមត្ថកិច្ចបានប្រើអំពើហិង្សា
វាយទាត់ធាក់លើស្ត្រី ស្ត្រីមានផ្ទៃពោះមួយខែ ធ្វើឲ្យប៉ះពាល់កូននៅក្នុងផ្ទៃ។

ផ្ទុយទៅវិញ តាមរយៈផែនការខ្មៅកខ្វក់នេះ ក្រុមនេះបន្តធ្វើបាតុកម្មអុកឡុកបន្តទៀតនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយរៀបចំឱ្យមានសកម្មភាពប៉ះទង្គិចជាមួយសមត្ថកិច្ចគ្រប់រូបភាពតាមដែលអាចធ្វើបាន ដូចជាបង្កឲ្យមានភាពយឺតយ៉ាវនៅពេលសមត្ថកិច្ចនាំឡើងលើរថយន្តជាដើម ដើម្បី ឲ្យក្រុមខ្លួនថតសកម្មភាពយកទៅផ្សព្វផ្សាយមួលបង្កាច់ឲ្យប្រជាពលរដ្ឋអស់ជំនឿមកលើអាជ្ញាធរ។

ដើម្បីចៀសវាងកុំឲ្យសាធារណជន មានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានដែលមិនឆ្លុះបញ្ចាំង អំពីការពិត តថភាពជាក់ស្តែង មានចេតនាទុច្ចរិត មានគោលបំណងកេងចំណេញនយោបាយ តាមទិសដៅដែលបានដាក់ចេញដោយក្រុមអគតិមួយចំនួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជិតមកដល់ រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលការចោទប្រកាន់ខាងលើ និងគូសបញ្ជាក់ថា កន្លងមកក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ក្រោមការរៀបចំផែនការ និងសេនារីយូដើម្បីឲ្យសម្ដែងរបស់ជនអគតិ
មួយក្តាប់តូចលក់មនសិការឲ្យជនបរទេស ដែលមានចេតនាបំផ្លាញសន្តិភាព បង្កអសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តែងតែធ្វើសកម្មភាពញុះញង់ និងចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថា បានប្រើអំពើហិង្សា បង្ក្រាបក្រុមបាតុករ ខណៈពេលដែលសមត្ថកិច្ចកំពុងខិតខំបំពេញតួនាទីក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម៕