(សៀមរាប)៖ អាជ្ញាធរមីន បានបង្កើតឲ្យគោលការណ៍ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ក្នុងគោលបំណងកៀរគរធនធានហិរញ្ញវត្ថុបន្ថែមពីម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ជាពិសេសនឹងផ្តល់លទ្ធភាពឲ្យម្ចាស់ជំនួយ ឬសប្បុរជននានា ដែលមានថវិកាតិចតួចអាចចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឃើញនូវលទ្ធផលភ្លាមៗ ក្នុងការធានាឲ្យភូមិទាំងមូលគ្មានមីន និងផ្តល់ឲ្យសហគមន៍ដែលរងផលប៉ះពាល់ និងមានហានិភ័យដោយសារមីនមានសុវត្ថិភាពឡើងវិញ។

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងក្នុងនាមជាសហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីវិស័យសកម្មភាពមីន នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

ទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥ កម្ពុជាគ្មានមីន កាត់បន្ថយការគំរាមកំហែង នៃសំណល់ជាតិផ្ទុះពីសង្គ្រាមជាអប្បបរមា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយសុវត្ថិភាព យើងត្រូវបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងកៀរគរធនធានពីគ្រប់ភាគីពាក់ព័ន្ធ ពង្រឹងទំនាក់ទំនងល្អជាមួយម្ចាស់ជំនួយ ដែលបានកសាងទំនុកចិត្តគ្នា និងសម្រេចនូវសមិទ្ធផលរួមជាច្រើនឆ្នាំ និងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយម្ចាស់ជំនួយថ្មីៗនាពេលខាងមុខ។

ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តការគាំទ្រ និងផ្តល់នូវទឹកចិត្តសប្បុរស ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរួមចំណែកដល់ការសម្រេចគោលដៅរួមកម្ពុជាគ្មានមីន ឆ្នាំ២០២៥៕