(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ បានធ្វើដំណើរទៅមូលដ្ឋានរបស់លោក ដើម្បីធ្វើការឃោសនាពី គោលនយោបាយបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ។

លោកបានលើកឡើងតាមបណ្តាញសង្គមហ្វេសបុកថា ក្រោមម្លប់នៃសន្តិភាព ថ្ងៃនេះប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ធ្វើចលនាឃោសនាគណបក្ស ដែលខ្លួនគាំទ្រ។

«នេះមិនត្រឹមតែជាសេរីភាពបុគ្គល ប៉ុន្តែជាការសរបញ្ជាក់ពីលំនឹងប្រជាធិបតេយ្យ ដែលកម្ពុជាខ្លួនឯង ប្រឹងប្រែងបណ្តុះ និងទទួលបានផ្លែផ្កានៅពេលនេះ។ ខ្ញុំសូមជូនពរឲ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជាតែមួយ»។ នេះបើតាម លោក ហ៊ុន ម៉ានី។

ឆ្លៀតឱកាសនេះ លោកបានថ្លែងអំណរគុណ ដល់សមាជិកយើងគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកយើងគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានឃុំសង្កាត់ចំនួន ១៦៥២ ដែលត្រូវបានបោះឆ្នោតជ្រើសរើសសមាជិក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២៨០០៨នាក់ នៅទូទាំងប្រទេសកម្ពុជា។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕