(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ និងសមាជិកគណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងឃុំព្រៃផ្ដៅ និងឃុំចារស្រុកព្រៃកប្បាស ខេត្តតាកែវ។

ថ្លែងនៅចំពោះមុខសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកបណ្ឌិត ពេជ សោភ័ន បានចាត់ទុកការឃោសនាបោះឆ្នោតនៅពេលនេះ គឺជាដំណើរការ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយកន្លងមកកម្ពុជាបានរៀបចំការបោះឆ្នោតជាច្រើនលើកមកហើយ ដែលស្ថានភាពនេះមិនដូចជាការរិះគន់ពីក្រុមអ្នកនយោបាយខ្លះថា ប្រទេសកម្ពុជាមិនមានប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្សនោះទេ។

លោកបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់ថា «សម្រាប់គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សម្លាប់ របស់របបខ្មែរក្រហម ពោលយើងបានប្លាស់ប្ដូពីប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍន៍រីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ប្រទេសជាតិមានសុខសន្តិភាព»

លោកបណ្ឌិតបានថ្លែងបន្តថា ប្រទេសកម្ពុជាសព្វថ្ងៃដែលដឹកនាំដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ កំពុងតែមានមុខមាត់នៅលើឆាកអន្តរជាតិខណៈដែលបច្ចុប្បន្នកម្ពុជា គឺជាប្រធានអាស៊ាន ជាពិសេសនៅក្នុងការធ្វើសង្រ្គាមជាមួយជំងឺកូវីដ១៩ ប្រទេសកម្ពុជាយើងបានប្រយុទ្ធបានជោគជ័យ ដោយជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសជាង២០០។ ភាពជោគជ័យនេះគឺមិនមែនកើតមានឡើង ដោយចៃដន្យនោះទេ វាកើតឡើងដោយសារតែរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មានមេដឹកនាំឈ្លាសវៃដោយបានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់និងត្រឹមត្រូវ។

ឆ្លៀតនៅក្នុងឱកាសនោះលោកបណ្ឌិត ពេជ សោភ័ន បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសដើម្បីថែរក្សាសុខសន្តិភាពប្រទេសកាន់តែយូអង្វែងទៅមុខទៀត៕