(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានថ្លែងថា កម្ពុជាជាង៥០០ឆ្នាំមកហើយ មិនដែលស្គាល់នូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិម្ដងណានោះទេ គឺមានតែមកដល់សម័យតេជោ ហ៊ុន សែន តែប៉ុណ្ណោះ ដែលកម្ពុជាយើងស្គាល់នូវសុខសន្តិភាព សម្បូរសប្បាយ រុងរឿង រីកចម្រើន ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ និងប្រទេសជាតិមានមុខមានមាត់លើឆាកអន្តរជាតិ។

លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសមាជិក គណបក្សប្រជាជនកម្ពុជា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលចំនួន ១០៩៩នាក់ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

លោកបណ្ឌិតបានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីសង្គ្រាម ដែលនេះជាស្នាដៃដ៏ធំធេង និងជាសមិទ្ធផលដ៏ធំធេងជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានដឹកនាំប្រទេសចេញពីផេះផង់ ពីចំណុចសូន្យ ឲ្យមកទទួលបាននូវការរីកចម្រើនការអភិវឌ្ឍជាប្រវត្តិសាស្ត្រ។

លោកបណ្ឌិតបន្តថា «គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយប្ដូរផ្ដាច់ ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ ក៏យើងត្រូវតែការពារសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែងតរៀងទៅ។ យើងមិនត្រូវឲ្យអតីតកាលវិលត្រឡប់មកវិញទេ, ប្រជាជនខ្មែរយើងទាំង១៦ លាននាក់ ត្រូវរួមគ្នាជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពខ្លាំងក្នុងដឹកនាំប្រទេសជាតិ ពិសេសរក្សាបាននូវសុខសន្តិភាព។ ដូច្នេះយើងត្រូវប្ដូរផ្ដាច់ការពារសន្តិភាព ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ ក៏យើងត្រូវតែធ្វើអោយបានសំរេចការងារគឺជាកិច្ចការស្នូលដែលបក្សប្រជាជនកម្ពុជា បានដាក់ចេញក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់ខ្លួន»

លោកអះអាងទៀតថា «រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ បាននិងកំពុងដាក់ចេញនូវក្របខ័ណ្ឌនៃយុទ្ធសាស្ត្រធ្វើឲ្យមានស្ថេរភាព ដើម្បីឲ្យប្រទេសចៀសផុតពីសង្គ្រាម មិនឲ្យមានភាពវឹកវរ ចលាចល មិនធ្វើឲ្យប្រទេសកម្ពុជាយើងមានអតិផរណានៅលើសេដ្ឋកិច្ច, អញ្ចឹងយើងត្រូវដំណើរការប្រជាធិបតេយ្យនីយកម្ម គ្មានជម្រើសអ្វីក្រៅពីការបោះឆ្នោត ផ្ដល់សិទ្ធិដល់ពលរដ្ឋដើម្បីធ្វើការសម្រេចចិត្តបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដោយគ្មានបង្ខិតបង្ខំ។ ការជ្រើសរើសថ្នាក់ដឹកនាំគឺជារឿងធំនៃការស្លាប់-រស់ គឺជាការកំណត់នូវជោគវាសនាប្រទេសជាតិ។ បើយើងរើសមេដឹកនាំមិនត្រូវ នោះនគរនេះ នឹងក្លាយទៅជានគរវិនាសជាក់ជាមិនខាន។ ប៉ុន្តែបើយើងរើសមេដឹកនាំត្រូវ នោះប្រទេសជាតិសម្បូរសប្បាយ រុងរឿង ស្គាល់តែការអភិវឌ្ឍ រីកចំរើនឡើង ជីវភាពពលរដ្ឋយើងក៍កាន់តែធូរធារៗឡើងៗផងដែរ»

លោកបណ្ឌិតប្រធានបក្សបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានរំដោះប្រជាជនទូទាំងប្រទេសចេញពីកូវីដ១៩ បានទាន់ពេលវេលា ដោយធ្វើការស្រោចវ៉ាក់សាំងដល់ពលរដ្ឋប្រមាណជា៩០% ទូទាំងប្រទេស ដោយបានចាក់ស្ទើរគ្រប់ដូសគ្រប់ៗគ្នាទៅហើយ ខណ:ដែលប្រទេសដទៃកំពុងវឹកវរនឹងការរាតត្បាតជំងឺកូវីដ១៩ នេះជាសាកល ខណ:ដែលកម្ពុជាយើង ជាប់ចំណាត់ថ្នាក់លេខ២ លើសាកលលោក នាមជាប្រទេសទប់ស្កាត់កូវីដ១៩បានល្អបំផុត។

លោកបណ្ឌិតប្រធានគណបក្សខេត្តក៏បានស្នើដល់លោកគ្រូអ្នកគ្រូទាំងជាង ១ពាន់នាក់ សូមធ្វើការអប់រំដល់សិស្សានុសិស្សឲ្យក្លាយជាទំពាំងស្នងឬស្សី ជាធនធានមនុស្សដែលមានសមត្ថភាព មានបញ្ញាវាងវៃ ចេះគិតពិចារណាត្រឹមត្រូវទៅលើកិច្ចការសន្តិភាពជាធំ ស្រលាញ់ជាតិមាតុភូមិ ស្រលាញ់ប្រជាជន ស្នេហាជាតិ ជួយជាតិ រួបរួមជាតិ ឯកភាពជាតិ ក្នុងទិសដៅកសាងប្រទេសជាតិយើង ឲ្យរុងរឿង និងមានកិត្យានុភាពលើសាកលលោក, ហើយសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាពការអភិវឌ្ឍការរីកចម្រើនទៅមុខជាលំដាប់៕