(កំពត)៖ ថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតដំបូង លោកបណ្ឌិត ម៉ៅ ធនិន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជកម្ពុជា ខេត្ត កំពត និងលោកស្រីជាភរិយា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានចុះដឹកនាំនិងត្រួតពិនិត្យក្បួនដង្ហែរឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា តាមបណ្តាក្រុងស្រុកទាំង៩ ក្នុងខេត្តកំពត ដោយចាប់ផ្តើមចេញដំណើរពីរង្វង់មូលទុរេន ទីរួមខេត្តកំពត។

លោក ម៉ៅ ធនិន ស្នើនិងអំពាវនាវដល់ពលរដ្ឋ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០២២ ឲ្យបានគ្រប់គ្នា ដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា សំដៅបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

សូមរំលឹកថា យុទ្ធនាការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា នៅខេត្តកំពតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មានចំនួន ៦ គណបក្ស ដែលបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា ឃុំសង្កាត់ ក្នុងនោះដែលមានបេក្ខជនឈរ ឈ្មោះច្រើនជាងគេក្នុងឃុំសង្កាត់ទាំង៩៣ ឃុំ/សង្កាត់ រួមមាន៖

*១៖ គណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះបេក្ខជន ៩៣/៩៣ ឃុំ សង្កាត់។
*២៖ គណបក្សភ្លើងទៀន មានបេក្ខជនឈឈ្មោះ ៩៣/៩៣ ឃុំ/សង្កាត់។
*៣៖ គណបក្សហ៊្វុនស៊ិនប៉ិច មានបេក្ខជនឈឈ្មោះ ២៩/៩៣ ឃុំ/សង្កាត់។
*៤៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានបេក្ខជនឈឈ្មោះ ២ /៩៣ ឃុំ សង្កាត់។
*៥៖ គណបក្សខ្មែររួបរួមជាតិ មានបេក្ខជនឈឈ្មោះ ៧/៩៣ ឃុំ/សង្កាត់។
*៦៖ គណបក្សយុវជន មានបេក្ខជនឈឈ្មោះ ១៦/៩៣ ឃុំ/សង្កាត់៕