(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោក ជួន សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដែលពិធីមានការអញ្ជើញចូលរួមពីលោក ឡាយ គឹមលី, លោកស្រី ជ័យ បុប្ផា និងឯកឧត្តម អស់លោក លោកស្រី កញ្ញា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចំណុះ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងនាមប្រធានក្រុមការងារ ក្នុងឱកាសនោះ លោក ជួន សុវណ្ណ បានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ កោតសរសើរ និងវាយតម្លៃខ្ពស់សមាជិក និងក្រុមការងារទាំងអស់ដែលបានលះបង់កម្លាំង កាយចិត្ត ធនធាន និងស្មារតីចូលរួម និងបម្រើគណបក្សប្រជាជនកម្ពុជាយើងយ៉ាងសកម្មក្នុងគ្រប់កាលៈទេសៈ ចូលរួមចំណែកកសាង និងពង្រឹងមូលដ្ឋានគ្រឹះរបស់គណបក្សប្រជាជនយើង ឲ្យមានភាពរឹងមាំជារៀងរហូតតទៅមុខ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

ក្នុងឱកាសនោះដែរ លោក ជួន សុវណ្ណ បានថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំប្រទេសទទួលបានសុខសន្តិភាព រំដោះប្រទេស និងប្រជាជនពីរបបប្រល័យ ពូជសាសន៍ ពុះពារឆ្លងកាត់ឧបសគ្គច្រើនរាប់មិន អស់ក្នុងរយៈពេល ៤៣ឆ្នាំកន្លងមក ដឹកនាំប្រទេសដើរលើផ្លូវដ៏ត្រឹមត្រូវ និងសម្រេចបាន លទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ប្រជាជនបាននិងកំពុងរស់នៅ យ៉ាងសុខសាន្តក្រោមម្លប់សន្តិភាព និងការឯកភាពជាតិ អនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍឃុំ/សង្កាត់ ឆ្នាំ២០១៧ -២០២២ មានលទ្ធផលល្អប្រសើរ និងរីកចម្រើនគ្រប់វិស័យ សង្រ្គោះជិវិតប្រជាជនពីក្រញាំមច្ចុរាជ តាមរយៈចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃធ្វើឲ្យជីវភាពមានលំនឹងអាចប្រកបមុខរបរបានជាធម្មតា -ល-។

ជាមួយគ្នានេះ លោក ជួន សុវណ្ណ បានថ្លែងអំពាវនាវដល់សមាជិក និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបន្តការអភិវឌ្ឍប្រទេសបានរីកចម្រើនទៅមុខបានឆាប់រហ័ស៕