(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានអញ្ជើញចូលរួមក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលប្រព្រឹត្តទៅនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២២ អញ្ជើញចូលរួមពីលោក ឃឹង នុភាព លោក ញ៉ឹក បានខេង លោក ជូ កុល្លា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀតផង។

លោក ឈុន ឈន់ បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនសមាជិកសមាជិកាគណបក្សទាំងអស់ ឲ្យបានជ្រាបថា ទោះបីជាពេលវេលានេះសម្ដេចមិនបានចុះដោយផ្ទាល់នឹងជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមឃុំសង្កាត់ក៏ពិតមែន ប៉ុន្តែសម្ដេចសម្ដែងនូវក្តីនឹករឭកជាពន់់ពេក ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមតំបន់មូលដ្ឋាន ដែលកន្លងមកមានជំនឿជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជន។

លោកបានបន្តទៀតថា ទាំងនេះគឺជាអ្វីដែលបងប្អូនប្រជាពលរដ្ឋទាំងអស់មើលឃើញពីទង្វើសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាដែលបានសន្យាហើយធ្វើជាក់ស្ដែងនិងបានរួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីរបបប្រល័យពូជ សាសន៍ប៉ុលពត ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាទូទាំងប្រទេសពិសេសការមិនយកពន្ធដីធ្លី ស្រែចំការ ពីបងប្អូនប្រជាពលរដ្ឋគឺជាការរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយនៅភាពក្រីក្រ ជាក់ស្ដែងនៅក្នុងតំបន់មូលដ្ឋានពិសេសគណបក្សប្រជាជនកម្ពុជារួមរស់ជាមួយប្រជាជនដើម្បីប្រជាជននិងរក្សាសន្តិភាពដើម្បីប្រជាជន។ សកម្មភាពទាំងអស់នេះហើយ ដែលបងប្អូនទាំងអស់បានមើលឃើញនិងជឿជាក់លើគណបក្សប្រជាជនកម្ពុជាហើយក៏បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់អាណត្តិទាំងអស់។

លោកបានបន្ថែមទៀតថា ដោយសារមួយរយៈពេលចុងក្រោយនេះប្រទេសកម្ពុជាជួបនូវបញ្ហាសកលជាពិសេសគឺជាការរីករាលដាលនៃជំងឺកូវីដ១៩ មិនថាប្រទេសកម្ពុជានោះទេ គឺវាប៉ះពាល់ដល់ប្រទេសទាំងអស់ លើសកលលោកដូច្នេះហើយការអភិវឌ្ឍន៍ឃុំសង្កាត់កន្លងមកមានការយឺតយ៉ាវបន្តិចដោយសាររាជរដ្ឋាភិបាលបានផ្ដោតទៅលើការទប់ស្កាត់នៃជំងឺកូវីដ១៩ ក៏ប៉ុន្តែយើងមិនមែនមានន័យថាយើងមិនបានគិតគូរទៅលើតំបន់មូលដ្ឋានទេ គ្រាន់តែរយៈពេលនេះ យើងមានពេលតិចតួចបំផុតក្នុងការជួបជាមួយបងប្អូនប្រជាពលរដ្ឋ ទើបតែរយៈពេលនេះរាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញនេះ ក៏ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទូទាំងប្រទេសបូកផ្សំរួមនឹងការអនុវត្តបីកុំបីការពាររ ទើបថ្ងៃនេះបងប្អូនសមាជិកគណបក្សទាំងអស់បានចូលរួមជុំគ្នា។

លោកបានក្រើនរំលឹកដល់បេក្ខភាពឈរឈ្មោះពេញសិទ្ធិក្តីបម្រុងក្តីត្រូវតែខិតខំសាមគ្គីគ្នាដោះស្រាយ នូវបញ្ហាប្រឈមនានាជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសត្រូវលើផែនការស្នូលដែលជាតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍន៍ឃុំជូនដល់ប្រជាពលរដ្ឋមូលដ្ឋានឲ្យបានទាន់ពេលវេលា៕