(ព្រៃវែង)៖ លោក យូ សិរីវុឌ្ឍ, លោក ផេង គីម ស្រ៊ុន និងលោក ហេង វុទ្ធី ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានបេីកយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ នៅក្នុងឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ជាមួយសមាជិកចូលរួមចំនួន១,៥០០នាក់។

លោក យូ សិរីវុឌ្ឍ បានថ្លែងថា បើក្រឡេកមើលទៅអតីតកាលពីជាង៤០ឆ្នាំមុន ដែលយើងទាំងអស់គ្នានៅតែចងចាំជានិច្ចនោះ គឺភាពឈឺចាប់ខ្លោចផ្សាមិនអាចបំភ្លេចបាន ដែលសង្គមជាតិ ទទួលរងវិនាសកម្មដោយសារសង្គ្រាម និងការកាប់សម្លាប់ប្រជាជនឯងអស់ជាងបីលាននាក់ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីគ្មានសល់ពីពួកបនប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយតាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនដែលជាគណបក្សចាស់ទុំ និងមានបទពិសោធន៍ច្បាស់លាស់ ក្នុងការដឹកនាំប្រទេស។

លោក យូ សិរីវុឌ្ឍ បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សូមកៀរគរបងប្អូន មិត្តភ័ក្រ ឪពុកម្ដាយ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នាដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ កូតាគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ហើយការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដល់អ្នកបោះឆ្នោតផងដែរ៕