(កែប)៖ គណបក្សនយោបាយ ចំនួន៤ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តកែប, មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលមានសមាជិក សមាជិកា រាប់ពាន់នាក់ដង្ហែក្បួនចល័តឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅតាមឃុំ សង្កាត់ទាំង៥ ដឹកនាំដោយលោក សាន សាមី តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកែប និងលោក សោម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប ដែលប្រព្រឹត្តឡើង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ មានរយៈពេល២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែខែមិថុនា ឆ្នាំ២០២២។

ចំពោះរដ្ឋបាលខេត្តកែប រួមមាន ២ក្រុង ស្រុក ៥ឃុំ សង្កាត់។ មានគណបក្សនយោបាយចំនួន៤ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ រួមមាន៖

*ទី១៖ គណបក្សប្រជាជនកម្ពុជា
*ទី២៖ គណបក្សភ្លើងទៀន
*ទី៣៖ គណបក្សខ្មែររួបរួមជាតិ
*ទី៤៖ គណបក្សហ្វុនស៊ិនប៉ិច។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃទី២១ ខែឧសភានេះ មានតែគណបក្សនយោបាយចំនួនពីរតែប៉ុណ្ណោះ ដែលធ្វើសកម្មភាព គឺគណបក្សប្រជាជនកម្ពុជា បានដង្ហែក្បួន នៅក្នុងភូមិសាស្ត្រមូលដ្ឋាន នៃក្រុង ស្រុក និងគណបក្សភ្លើងទៀន បានធ្វើសកម្មភាព ចាក់មេក្រូឃោសនា នៅគោលដៅតាមផ្ទះសកម្មជនរបស់ខ្លួន។

ដោយឡែក ការបើកយុទ្ធនាការឃោសនានៅថ្ងៃនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង បំភិតបំភ័យ ឬប្រើអំពើហិង្សាឡើយ។ គណៈកម្មការសន្តិសុខខេត្តកែប បានបាត់ចែងការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ដល់ក្បួនយុទ្ធនាការឃោសនាគ្រប់គណបក្ស បេក្ខជនឈរឈ្មោះ និងអ្នកចូលរួម បានល្អប្រសើរ ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ៕