(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក នៅទីស្នាក់ការគណបក្សឃុំស្វាយរំពារ ស្រុកស្វាយទាប លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកាកណ្តាលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកស្វាយទាបខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ឌនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

នៅក្នុងពិធីនេះ លោកស្រីបណ្ឌិតសភាចារ្យ បានថ្លែងខ្លឹមសារជារួមថា ប្រៀបខ្លាំង ប្រៀបឈ្នះក្នុងឱកាសបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា
ឆ្នាំ២០២២ ខាងមុខនេះពិតជាអត្ថន័យធំធេងណាស់សម្រាប់យើងទាំងអស់គ្នាដោយ ហេតុថា សន្តិភាព សុវត្ថិភាព ភាពសុខក្សេមក្សាន្ត និងភាពរីកចម្រើននៃសង្គមជាតិដែលយើងទាំងអស់គ្នាទទួលបានដូចសព្វថ្ងៃនេះ គឺកើតឡើងដោយសារភាពខ្លាំង និងភាពឈ្នះរបស់គណបក្សប្រជាជន។

«អាស្រ័យហេតុនេះ ដើម្បីបន្តថែរក្សាសន្តិភាពឱ្យឋិតថេរគង់វង្ស និងដើម្បីបន្តអភិវឌ្ឍន៍សង្គមជាតិយើងកាន់តែ រីកចម្រើនថែមទៀតនោះ យើងត្រូវតែរួមកម្លាំងគ្នា ប្រើប្រាស់គ្រប់វិធាន ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអនុវត្តឱ្យសម្រេចបានស្របតាមវិធានជាយុទ្ធសាស្រ្តគឺ សមាជិកគណបក្សម្នាក់គឺជាសំឡេង ឆ្នោតគាំទ្រគណបក្សមួយសន្លឹក»។ លោកស្រីបញ្ជាក់បន្ថែម។

សូមជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានឃុំសង្កាត់ចំនួន ១៦៥២ ដែលត្រូវបានបោះឆ្នោតជ្រើសរើសសមាជិក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២៨០០៨នាក់ នៅទូទាំងប្រទេសកម្ពុជា។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕