(ព្រះវិហារ)៖ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ រាប់រយនាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្រោមការដឹកនាំរបស់លោក សួស សុខដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកគូលែន។

នៅក្នុងឱកាសនោះលោក សួស សុខដារ៉ា បានលើកឡើងថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ នាពេលនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស។

ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាម រយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នាគឺជាសាក្សីរស់ក្នុងការបញ្ជាក់ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ។

លោកចង់ឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិកា មានគោលជំហរច្បាស់លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនបានឡើយ។ ប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ា ដឹកនាំត្រឹមត្រូវ គឺជាគណបក្សដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមានជីវភាពការរស់នៅសុខស្រួល ដែលនោះគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននិងកំពុងគោលនយោបាយទាំងនេះ។

សូមបញ្ជាក់ថា ក្នុងការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃនេះ បានធ្វើឡើងតាមរថយន្តតូច ធំ ម៉ូតូ ម៉ូតូរឺម៉ក់ និងគោយន្តជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យនៃគោលនយោបាយរបស់គណបក្ស៕