(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ហ៉ឺ វីរៈ ប្រធានក្រុមការងារយុវជនគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចូលរួមបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកបណ្ឌិត បានជួបសំណេះសំណាលជាមួយក្រុមការងារគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ចំនួន ៥ ឃុំ ក្នុងស្រុកកំពង់ត្រឡាច រួមមានឃុំលង្វែក ឃុំកំពង់ត្រឡាច ឃុំអូឬស្សី ឃុំតាជេស និងឃុំសែប។ លោកបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសកម្មជនគណបក្សរបស់គណៈកម្មាធិការគណបក្សឃុំទាំង ៥ ដែលបានខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាប្រកបដោយលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដោយបានចូលរួមចំណែកអស់ពីកម្លាំងកាយចិត្ត បំពេញការងារទៅតាមការណែនាំរបស់គណបក្សថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ដោយចូលរួមគ្រប់សកម្មភាពនានារបស់គណបក្ស។

ជាមួយគ្នានោះ លោកបណ្ឌិត ក៏បានចូលរួមឧបត្ថម្ភដល់បណ្ដាគណៈកម្មាធិការគណបក្សឃុំមួយចំនួន ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយឧបត្ថម្ភជូនឃុំកំពង់ត្រឡាច ចំនួន ៤០០ ដុល្លារ ឃុំតាជេស ចំនួន ២០០,០០០ រៀល សម្រាប់ចាក់សាំងរថយន្ត និងឃុំសែប ចំនួន ៨៥០,០០០ រៀល សម្រាប់រៀបចំម្ហូបអាហារ ក្រុមតន្រ្តីករ អ្នកអនាម័យ និងអ្នកសារព័ត៌មាន។

សូមជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានឃុំសង្កាត់ចំនួន ១៦៥២ ដែលត្រូវបានបោះឆ្នោតជ្រើសរើសសមាជិក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២៨០០៨នាក់ នៅទូទាំងប្រទេសកម្ពុជា។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕