(ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចសម្រេចឱ្យចុះហត្ថលេខា ដើម្បីទទួលទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតក្នុងប្រទេស ខណៈការយឺតយ៉ាវកន្លងទៅនៃការផលិតវ៉ាក់សាំងក្នុងស្រុក ដោយសារខាងរាជរដ្ឋាភិបាលរបស់យើងអត់បានចុះកិច្ចសន្យាទិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់។ ដោយក្នុងនោះមានវ៉ាក់សាំងជាង ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ គឺលើសពាក់កណ្តាលនៃប្រភពចំណូល ដែលនេះបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមិនបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋស្លាប់ ដោយសារជំងឺកូវីដ១៩ ដោយគ្នាវ៉ាក់សាំង និងថ្នាំព្យាបាលនោះទេ។

ការអះអាងបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលមកពីបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុបជាង ១ពាន់នាក់ ក្នុងទីក្រុងហ្សូរិច ប្រទេសស្វីស នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើទោះបីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលបន្តិចក៏ដោយ ប៉ុន្តែ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតែដើរតួនាទីយ៉ាងសំខាន់ ដែលត្រូវបន្តមាននៅក្នុងឃ្លាំងយុទ្ធសាស្ត្រ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងយ៉ាងដូច្នេះថា៖ «អីឡូវនេះ បានទទួលរបាយការណ៍ហើយ ការយឺតយ៉ាវកន្លងទៅនៃការផលិតវ៉ាក់សាំងក្នុងស្រុក មករៀបចំវេចខ្ចបវ៉ាក់សាំងនៅក្នុងស្រុកយឺត ដោយសារខាងរាជរដ្ឋាភិបាលរបស់យើងអត់បានចុះកិច្ចសន្យាទិញ អញ្ចឹងគ្នាផលិតវាអត់កើត ចឹងម្សិលម្ង៉ៃ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើការសម្រេចឱ្យចុះហត្ថលេខា ដើម្បីទទួលទិញយកវ៉ាក់សាំង (ផលិតក្នុងប្រទេសកម្ពុជា) ប្រទេសដទៃអាចទៅវិញវ៉ាក់សាំងពីស្រុកយើងចេញមក ឯយើងក៏ទិញមកវ៉ាក់សាំងដែលផលិតនៅស្រុកយើងចាក់ក្នុងប្រទេសរបស់ខ្លួន អញ្ចឹងរឿងវ៉ាក់សាំងមួយធានាជូនជាមួយប្រជាពលរដ្ឋរបស់យើង គឺអត់មានខ្វះវ៉ាក់សាំងទេ»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បច្ចុប្បន្ននេះ គ្រាន់តែវ៉ាក់សាំងដែលប្រទេសចិន មិនទាន់ជូនប្រទេសកម្ពុជា គឺមានចំនួន១៥លានដូស, អាមេរិកមិនទាន់ផ្តល់ឱ្យកម្ពុជា នៅសល់៥.៥លានដូស ដូច្នេះ គ្រាន់តែវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាប្រភពផ្តល់ជូន ប៉ុន្តែ មិនទាន់ដឹកនាំមកដល់ គឺមានចំនួន២០.៥លានដូសបន្ថែមទៀត។

នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហើបឱ្យដឹងថាមិនត្រឹមតែវ៉ាក់សាំងដែលជាប្រភពបានផ្គត់ផ្គង់នៅសល់ជាង២០លានដូសនោះទេ ខណៈមានប្រទេសជាមិត្តនៅក្នុងទ្វីបអឺរ៉ុប មួយចំនួនក៏កំពុងតែចរចាផ្តល់វ៉ាក់សាំងជូនប្រទេសកម្ពុជាផងដែរ។ ដូច្នេះ សម្តេចមានចេតនាស្នើសុំរដ្ឋាភិបាលចិន ឱ្យពន្យាការផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីទទួលយកវ៉ាក់សាំងដែលគ្រោងនឹងបញ្ជូនមកពីប្រទេសជាមិត្តផ្សេងទៀត សម្រាប់ប្រើប្រាស់សិន ខណៈវ៉ាក់សាំងនៅក្នុងប្រទេសកំពុងតែរៀបចំការផលិតផងដែរ។

ទន្ទឹមនឹងនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងស្រុក ជាការត្រៀមបម្រុងមួយ ព្រោះមិនដឹងថា ទៅថ្ងៃខាងមុខមិនដឹងជាមេរោគនេះបំប្លែងខ្លួនទៅជាអ្វីទៀតនោះទេ។ សម្តេចតេជោ ហ៊ុន សែន ថា មិនត្រូវធ្វេសប្រហែសនឹងមេរោគឆ្លងនេះឡើយ ហើយបច្ចុប្បន្នកម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលអាចទទួលអ្នកជំងឺបានរហូតដល់ ១ម៉ឺននាក់។

គិតត្រឹមយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០១៩,៣៩២នាក់។ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,០៩៦,៧២១នាក់ និងដូសទី៤ ចំនួន ២,៣៤៣,៥៨៥នាក់៕